នៅថ្ងៃទី ២៨ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី ។
ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានលើកឡើងថា ភាគីចិនរីករាយធ្វើការប្រាស្រ័យទាក់ទងជាន់ខ្ពស់កាន់តែជិតស្និទ្ធជាមួយភាគីម៉ាឡេស៊ីដើម្បីបង្កើនការសម្របសម្រួលជាយុទ្ធសាស្ត្រ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ក៏ដូចជាអនុវត្តយ៉ាងប្រាកដប្រជានូវគំនិតឯកភាពរួមរបស់ភាគីទាំងពីរថែមមួយកម្រិតទៀត ក្នុងន័យនាំមកនូវសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។
លោក Li Qiang បានលើកឡើងទៀតថា កាលពីសប្តាហ៍មុន កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានពិភាក្សានិងអនុម័តលើសេចក្តីស្នើស្តីពីផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ។ ភាគីចិនរីករាយបង្កើនការតភ្ជាប់គ្នាជាមួយផែនការជាតិលើកទី ១៣ របស់ភាគីម៉ាឡេស៊ី អនុវត្តយ៉ាងស៊ីជម្រៅនូវផែនការប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរព្រមទាំងរួមគ្នាពូនជ្រំកម្លាំងចលករថ្មីនៃការអភិវឌ្ឍ ។
ជាការឆ្លើយតប លោក Anwar bin Ibrahim បានថ្លែងថា ភាគីម៉ាឡេស៊ីរីករាយធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបត្តិការជាមួយភាគីចិនក្នុងវិស័យដូចជា ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងរ៉ែជាដើមព្រមទាំងគាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ លោកស្វាគមន៍សហគ្រាសចិនបន្តបណ្តាក់ទុននិងធ្វើអាជីវកម្មនៅប្រទេសម៉ាឡេស៊ី ៕