
នៅថ្ងៃទី ២៥ ខែតុលា វេទិកា(ភូអឺ)ស្តីពីកិច្ចសហប្រតិបត្តិការអប់រំ ឡានឆាង-មេគង្គ លើកទី ៥ បានប្រារព្ធឡើងដោយជោគជ័យនៅវិទ្យាស្ថានភូអឺក្នុងទីក្រុងភូអឺនៃខេត្តយូណាន។ អ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវជាង ២០០ នាក់ដែលមកពីប្រទេសចិន និងបណ្តាប្រទេសនានាលើពិភពលោក បានជួបជុំគ្នាដើម្បីចែករំលែកបទពិសោធន៍រៀងៗខ្លួនអំពីការអប់រំឌីជីថល និងការធ្វើបរិវត្តកម្មបៃតង ព្រមទាំងមធ្យោបាយថ្មីៗសម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការអប់រំ និងការធ្វើសមាហរណកម្មឧស្សាហកម្ម។
វេទិកានេះបានរៀបចំឡើងក្រោមប្រធានបទ "ការអប់រំនាំផ្លូវអភិវឌ្ឍន៍ ឈ្នះអនាគតរួមគ្នា" ដោយមានការធ្វើបាឋកថា និងការពិភាក្សាអំពីប្រធានបទដូចជា កិច្ចសហប្រតិបត្តិការអប់រំអន្តរជាតិ សេដ្ឋកិច្ចឌីជីថល ធនធានមនុស្សឌីជីថល បញ្ញាសិប្បនិម្មិត ការអភិវឌ្ឍបៃតង ថាមពលស្អាត និងកសិកម្មឆ្លាតវៃជាដើម ដើម្បីស្វែងរកគំនិត និងដំណោះស្រាយថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការអប់រំក្នុងតំបន់។