ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនរីករាយធ្វើការជាមួយប្រទេសឥណ្ឌូណេស៊ីដើម្បីប្រតិបត្តិរថភ្លើងល្បឿនលឿន Jakarta-Bandung ប្រកបដោយគុណភាពខ្ពស់

CRI, October 24, 2025
Size:

ថ្ងៃទី២០ ខែតុលា លោក  Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យបានដឹងថា  រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងចរចាជាមួយប្រទេសចិនស្តីពីបញ្ហារៀបចំឡើងវិញនូវរចនាសម្ព័ន្ធបំណុលនៃគម្រោងផ្លូវដែកល្បឿនលឿនJakarta-Bandung ហើយមានប្រព័ន្ធផ្សព្វផ្សាយបុគ្គលមួយចំនួនបានអះអាងថា ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung កំពុងប្រឈមនឹងការលំបាកក្នុងការប្រតិបត្តិ ដោយសារកង្វះខាតថវិកា។ តើភាគីចិនវាយតម្លៃយ៉ាងណាចំពោះរឿងនេះ?

លោក Guo Jiakun បានបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung បានប្រតិបត្តិអស់រយៈពេលពីរឆ្នាំមកហើយ។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ វាបានរក្សាបាននូវការប្រតិបត្តិប្រកបដោយសុវត្ថិភាព រលូន និងសណ្តាប់ធ្នាប់ល្អ ដោយបានដឹកជញ្ជូនអ្នកដំណើរជាង ១១,៧ លាននាក់។ លំហូរអ្នកដំណើរបាន កើនឡើងជាលំដាប់ ដែលបង្កើតបានជាផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាបន្តបន្ទាប់ និងបង្កើតឱកាសការងារជាច្រើនសម្រាប់ឥណ្ឌូណេស៊ី ។

លោក Guo Jiakun បានសង្កត់ធ្ងន់ថា នៅពេលវាយតម្លៃអំពីគម្រោងផ្លូវដែកល្បឿនលឿន យើងមិនត្រឹមតែត្រូវមើលពីទិន្នន័យហិរញ្ញវត្ថុ និងសូចនាករសេដ្ឋកិច្ចប៉ុណ្ណោះទេ  ប៉ុន្តែក៏គួរតែមើលពីប្រសិទ្ធភាពសាធារណៈ និងអត្ថប្រយោជន៍ចម្រុះផងដែរ។ ប្រទេសចិនរីករាយធ្វើការជាមួយប្រទេសឥណ្ឌូណេស៊ីដើម្បីប្រតិបត្តិរថភ្លើងល្បឿនលឿន Jakarta-Bandungប្រកបដោយគុណភាពខ្ពស់ ដើម្បីដើរតួនាទីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសឥណ្ឌូណេស៊ី និងការតភ្ជាប់គ្នាក្នុងតំបន់៕