ប្រទេសចិនលើកឡើងពីគំនិតផ្តួចផ្តើមចំនួន៦ចំណុចស្តីពីការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងពង្រឹងអភិបាលកិច្ចសកល

CRI, October 11, 2025
Size:

      លោក Geng Shuang តំណាងរងនៃប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅថ្ងៃទី៩ខែតុលាថា បច្ចុប្បន្ននេះ ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ថ្មី ឯកតោភាគីនិយមនិងអនុត្តរភាពនិយមបានងើបឡើងវិញ គោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដូចជាសមភាពខាងអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងជាដើម កំពុងរងការវាយប្រហារ ហានិភ័យដែលធ្វើឱ្យច្បាប់អន្តរជាតិក្លាយទៅជារឿងនយោបាយនិងជាឧបករណ៍កំពុងកើនឡើង ហើយច្បាប់អន្តរជាតិប្រឈមមុខនឹងការសាកល្បងនិងការប្រឈមយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ ប្រទេសចិនសូមលើកឡើងសំណើចំនួនប្រាំមួយចំណុចស្តីពី "ការគ្រប់គ្រងដោយច្បាប់ក្នុងប្រទេស និងអន្តរជាតិ"។

      ទីមួយ កម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលត្រូវបានទទួលស្គាល់ជាទូទៅ ដែលបង្កើតបានជាខ្លឹមសារគន្លឹះនៃច្បាប់អន្តរជាតិ។

      ទីពីរ ការតាក់តែងច្បាប់អន្តរជាតិត្រូវគោរពពិពិធកម្មអរិយធម៌និងប្រព័ន្ធច្បាប់ចម្រុះ ធានាឱ្យមានការចូលរួមដោយស្មើភាពពីគ្រប់ប្រទេស ជាពិសេសត្រូវពង្រឹងសិទ្ធិបញ្ចេញមតិរបស់ប្រទេសសកលលោកខាងត្បូង។

      ទីបី សមភាពខាងអធិបតេយ្យភាព គឺជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិសម័យបច្ចុប្បន្ន។

      ទី៤ ចាំបាច់ត្រូវគោរពសន្ធិសញ្ញា នេះជាគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ហើយប្រទេសទាំងអស់គួរបំពេញកាតព្វកិច្ចតាមសន្ធិសញ្ញាប្រកបដោយភាពទទួលខុសត្រូវ ។

     ទីប្រាំ ភាគីទាំងអស់គួរតែពន្លឿនការដាក់ចេញច្បាប់កំណត់អន្តរជាតិនៅក្នុងវិស័យងើបឡើងថ្មីដូចជា អ៊ីនធឺណែត លំហអវកាស សមុទ្រជ្រៅ តំបន់ប៉ូល និងបញ្ញាសិប្បនិម្មិតជាដើម ក៏ដូចជានៅក្នុងវិស័យសន្តិសុខមិនប្រពៃណី ដូចជាបម្រែបម្រួលអាកាសធាតុ សុខភាពសាធារណៈ បរិស្ថានអេកូឡូស៊ី និងសារធាតុរ៉ែសំខាន់ៗជាដើម។

      ទី៦ ការដោះស្រាយវិវាទដោយសន្តិវិធី គឺជាគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ហើយការសម្រុះសម្រួលគឺជាវិធីសាស្រ្តដោះស្រាយវិវាទមួយ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕