ថ្ងៃទី៦ ខែតុលា សម័យប្រជុំលើកទី ៦០នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តដោយឯកច្ឆន្ទលើសេចក្តីសម្រេចចិត្តស្តីពី "ការជំរុញ និងការពារសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ក្នុងបរិបទលុបបំបាត់វិសមភាព" ដែលប្រទេសចិនបានដាក់ជូនដោយតាងនាមប្រទេសជិត ៧០ រួមមានបូលីវី អេហ្ស៊ីប ប៉ាគីស្ថាន និងអាហ្វ្រិកខាងត្បូងជាដើម។
លោក Chen Xu តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វ៊ីសបានថ្លែងនៅក្នុងកិច្ចប្រជុំថា សេចក្តីសម្រេចចិត្តដែលលើកឡើងដោយប្រទេសចិនមានគោលបំណងផ្សះផ្សាការខ្វែងគំនិត និងប្រមូលផ្តុំគំនិតឯកភាពគ្នា។សេចក្តីសម្រេចចិត្តនេះអំពាវនាវឱ្យពង្រឹងពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រៀបចំកិច្ចប្រជុំពិភាក្សាតាមប្រធានបទ និងកិច្ចសន្ទនាអន្តរកម្មនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស និងគាំទ្រដល់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងការពង្រឹងការងារលើវិស័យសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដើម្បីផ្តល់ជំនួយខាងបច្ចេកទេស និងការគាំទ្រខាងការកសាងសមត្ថភាពដល់ប្រទេសដែលត្រូវការជំនួយ។
ប្រទេសកំពុងអភិវឌ្ឍន៍បានថ្លែងព្រមៗគ្នាថា សេចក្តីសម្រេចចិត្តនេះបានឆ្លុះបញ្ចាំងពីតម្រូវការពិតប្រាកដរបស់ប្រជាជនយ៉ាងច្រើនកុះករ។ ភាគីជាច្រើនរួមទាំងសហភាពអឺរ៉ុបបានសម្តែងការកោតសរសើរចំពោះសេចក្តីសម្រេចចិត្តនេះ៕