តំណាងចិនលើកឡើងសំណើបីចំណុចស្តីពីការលុបបំបាត់ភេរវនិយម

CRI, October 9, 2025
Size:

លោក Geng Shuang តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងនៅថ្ងៃទី៦ ខែតុលាថា បច្ចុប្បន្ននេះ សកម្មភាពភេរវកម្មបាននិងកំពុងរីករាលដាលនិងកើនឡើង ការគំរាមកំហែងនៃភេរវនិយមកំពុងស្តារឡើងវិញនៅលើពិភពលោក ហើយស្ថានការណ៍ប្រឆាំងភេរវកម្មអន្តរជាតិកាន់តែធ្ងន់ធ្ងរ និងស្មុគស្មាញ។ ប្រទេសចិនសូមលើកឡើងសំណើបីចំណុចស្តីពីការលុបបំបាត់ភេរវនិយម។

ថ្លែងនៅក្នុងសម័យប្រជុំលើកទី ៨០ នៃគណៈកម្មាធិការទី ៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិក្រោមប្រធានបទ "វិធានការស្តីពីការលុបបំបាត់ភេរវនិយមអន្តរជាតិ" លោក Geng Shuang បានបញ្ជាក់ថា ប្រទេសចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដោយបានផ្តួចផ្តើមឱ្យសហគមន៍អន្តរជាតិអនុវត្តទស្សនៈអភិបាលកិច្ចសកលដែលពិភាក្សាជាមួយគ្នា កសាងជាមួយគ្នា និងចែករំលែកជាមួយគ្នា ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកលដូចជាភេរវនិយមជាដើម។ ផ្អែកលើគំនិតទស្សនៈដូចពោលខាងលើ ប្រទេសចិនផ្តួចផ្តើមថា 

ទី១ ប្រកាន់ខ្ជាប់ស្តង់ដាឯកភាពគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការខាងការប្រឆាំងភេរវកម្មអន្តរជាតិ។ ទី២ ប្រកាន់ខ្ជាប់នីតិរដ្ឋអន្តរជាតិ និងកែលម្អក្របខ័ណ្ឌច្បាប់ស្តីពីការប្រឆាំងភេរវកម្ម។ ទី៣ ប្រកាន់ខ្ជាប់ទស្សនៈជាប្រព័ន្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការប្រឆាំងភេរវកម្មអន្តរជាតិ៕