នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ៖ ពួតដៃជាមួយប្រទេសចិន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ឡានឆាង-មេគង្គ

lmcchina.org, September 30, 2025
Size:

វេទិកាស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ លើកទី ៤ បានប្រារព្ធនៅទីក្រុងអ៊ូហាន ខេត្តហ៊ូប៉េ កាលពីថ្ងៃទី ២៤ ខែកញ្ញា។ ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយគេហទំព័រ China.com.cn លោកស្រី Busadee Santipitaks នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសតាមដងទន្លេមេគង្គកំពុងត្រូវបានពង្រឹងឱ្យកាន់តែស៊ីជម្រៅ និងបានទទួលនូវសមិទ្ធផលសំខាន់ៗក្នុងការស្រាវជ្រាវរួមគ្នា ការចែករំលែកទិន្នន័យគ្រប់ពេលវេលា និងការរួមគ្នាដោះស្រាយគ្រោះមហន្តរាយផ្សេងៗជាដើម។

លោកស្រីបានមានប្រសាសន៍ថា ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ តែងតែធ្វើការជាមួយគ្នាដោយផ្អែកលើការសន្ទនា និងកិច្ចសហប្រតិបត្តិការ។ ការចូលរួមចំណែករបស់ប្រទេសចិនក្នុងនាមជាប្រទេសតាមផ្នែកខាងលើនៃទន្លេឡានឆាង-មេគង្គ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើង។

លោកស្រីបានបញ្ជាក់ថា ការចែករំលែកទិន្នន័យជលសាស្ត្រគឺជាសមិទ្ធផលដ៏សំខាន់បំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចាប់តាំងពីឆ្នាំ ២០០២ មក ក្រសួងធនធានទឹកចិនបានផ្តល់ទិន្នន័យជលសាស្ត្រនារដូវទឹកឡើងដល់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ហើយចាប់ផ្តើមចែករំលែកទិន្នន័យពេញមួយឆ្នាំពីខែវិច្ឆិកា ឆ្នាំ ២០២០។ លោកស្រីបានបន្តទៀតថា ទិន្នន័យទាំងនោះត្រូវបានផ្តល់ឱ្យយើងជាបន្តបន្ទាប់ និងប្រកបដោយស្ថិរភាព ដែលមានតម្លៃណាស់សម្រាប់បណ្តាប្រទេសនានានៅតាមផ្នែកខាងក្រោមទន្លេ ជាពិសេសក្នុងរដូវវស្សា ដើម្បីកំណត់វិធានការការពារទឹកជំនន់។

លោកស្រីបានសង្កត់ធ្ងន់ថា អភិបាលកិច្ចធនធានទឹកប្រកបដោយនិរន្តរភាព គឺត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ លោកស្រីបានបញ្ជាក់ទៀតថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកំពុងលេចចេញកាន់តែខ្លាំងឡើងៗ។ នេះជាបញ្ហាប្រឈមដែលយើងទាំងអស់គ្នាត្រូវតែដោះស្រាយជាមួយគ្នា ហើយវាទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់តាមដងទន្លេ និងប្រើប្រាស់យន្តការសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីដោះស្រាយឱ្យបានជោគជ័យ។

លោកស្រីបានវាយតម្លៃលើវេទិកានេះថា វាជាវេទិកាដែលមានតម្លៃខ្ពស់ណាស់។ តាមរយៈវេទិកានេះ យើងអាចរៀនសូត្រពីគ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការ បញ្ចេញឧត្តមភាពនៃជំនាញបច្ចេកទេស និងជំរុញឱ្យការចែករំលែកចំណេះដឹងដើរតួនាទីកាន់តែសំខាន់ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីការពារ និងកាត់បន្ថយនូវទឹកជំនន់ឱ្យកាន់តែប្រសើរឡើង។

ឆ្នាំនេះគឺជាខួបលើកទី ៣០ នៃការបង្កើតគណៈកម្មការទន្លេមេគង្គ។ ទាក់ទិននឹងដំណើរអភិវឌ្ឍន៍របស់គណៈកម្មការនេះ លោកស្រីបានគូសបញ្ជាក់ថា ចំណុចគន្លឹះគឺស្ថិតនៅក្នុងការបន្តពង្រឹងការកសាងវេទិកាជាមួយប្រទេសចិន តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ។

សម្លឹងមើលទៅអនាគត លោកស្រីបានលើកឡើងពីគោលដៅសំខាន់ៗដូចជា ការបង្កើនភាពធន់នឹងអាកាសធាតុ ការទាមទារការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ និងការបង្កើតប្រព័ន្ធព្រមានជាមុន។ល។ លោកស្រីបានបន្តថា នេះជាកិច្ចសហប្រតិបត្តិការជាវិជ្ជមាន និងមានលក្ខណៈស្ថាបនា។ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននឹងធានាថា យើងអាចប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបទពិសោធន៍ដ៏ជោគជ័យ ដើម្បីបម្រើឱ្យកាន់តែប្រសើរឡើងតាមតម្រូវការរបស់បណ្តាប្រទេសនានា និងការពារប្រកបដោយប្រសិទ្ធភាពនូវជីវភាព និងផលប្រយោជន៍របស់ប្រជាជនដែលរស់នៅក្នុងប្រទេសតាមបណ្តោយទន្លេមេគង្គ។