ថ្ងៃទី២២ខែកញ្ញា មហាសន្និបាតពិភពលោក ស្តីពីការការពារជីវមណ្ឌលលើកទី៥បានប្រារព្ធធ្វើនៅក្រុងHangzhou ខេត្តZhejiangនៃប្រទេសចិន។នេះជាលើកដំបូងហើយដែលមហាសន្និបាតនេះបើកធ្វើនៅអាស៊ី ហើយក៏ជាមហាសន្និបាតដ៏ឱឡារិកមួយលើកដែលមានការចូលរួមពីរដ្ឋសមាជិកនៃអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិច្រើនបំផុតផងដែរ។
លោកAntonio Abreu អគ្គលេខាធិការនៃកម្មវិធី"ផែនការមនុស្សនិងជីវមណ្ឌល" របស់អង្គការយូណេស្កូបានថ្លែងថា តំបន់ការពារជីវមណ្ឌលរបស់ប្រទេសចិនបានរំលេចពីមួយថ្ងៃទៅមួយថ្ងៃនូវចក្ខុវិស័យស្តីពីការរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្សជាតិនិងធម្មជាតិ ព្រមពេលជាមួយគ្នានេះ ចិនសម្បូរបទពិសោធក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជាបច្ចេកវិទ្យាឌីជីថលជាដើម។ បទពិសោធ និងការអនុវត្តរបស់ចិនមានតម្លៃក្នុងការចែករំលែកនិងផ្សព្វផ្សាយលើផ្ទៃអន្តរជាតិ។
លោក Hou Jianguo ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានមានប្រសាសន៍ថា ប្រទេសចិននឹងបន្តធ្វើការជាមួយសហគមន៍អន្តរជាតិ ធ្វើកិច្ចតស៊ូប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងរួមគ្នាកសាងសហគមន៍រួមជីវិតលើភពផែនដី៕