របាយការណ៍ស្តីពី «សន្ទស្សន៍នវានុវត្តន៍ទូទាំងពិភពលោកឆ្នាំ២០២៥» ដែលអង្គការកម្មសិទ្ធិបញ្ញាសកលលោកចេញផ្សាយនៅពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ប្រទេសចិនបានឈរនៅលេខរៀង១០ខាងមុខក្នុងអង្គភាពសេដ្ឋកិច្ចដែលមានការច្នៃប្រឌិតថ្មីជាងគេនៅលើពិភពលោកជាលើកដំបូង ព្រមពេលជាមួយគ្នានេះ ក៏បានជាប់ចំណាត់ថ្នាក់ទីមួយនៅទូទាំងពិភពលោក៣ឆ្នាំជាប់ៗគ្នាដោយសារមានក្រុមការច្នៃប្រឌិតថ្មីចំនួន២៤ ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានអះអាងថា នេះគឺដោយមកពីសហគ្រាសចិនបានចំណាយថវិកាយ៉ាងច្រើនសម្បើមក្នុងការសិក្សាស្រាវជ្រាវ ។

ក្នុងបរិបទអន្តរជាតិនាពេលបច្ចុប្បន្ន ការលើកកម្ពស់ “កម្លាំងច្នៃប្រឌិតថ្មី”របស់ប្រទេសចិន គឺសម្រេចបានដោយមិនងាយទេ ។ របាយការណ៍នេះបានអះអាងថា ល្បឿនកំណើននៃការបណ្តាក់ទុនក្នុងវិស័យការច្នៃប្រឌិតថ្មីនៅលើពិភពលោកបាននិងកំពុងបង្អង់ល្បឿន នៅឆ្នាំ២០២៤ អត្រាកំណើនចំណាយក្នុងការសិក្សាស្រាវជ្រាវ បានធ្លាក់ចុះពី៤.៤ភាគរយនាឆ្នាំ២០២៣ មកនៅត្រឹម២,៩ភាគរយ តាមការប៉ាន់ប្រមាណ នៅឆ្នាំ២០២៥ អត្រានេះនឹងធ្លាក់ចុះថែមមួយកម្រិតទៀត មកនៅត្រឹម២,៣ភាគរយ ។ ក្រៅពីនេះ ដោយរងឥទ្ធិពលពីអតិផរណាខ្ពស់ បានជាការចំណាយពិតប្រាកដរបស់សហគ្រាសក្នុងវិស័យការសិក្សាស្រាវជ្រាវនឹងទាបជាងកម្រិតមធ្យមក្នុងរយៈពេល១០ឆ្នាំកន្លងមកយ៉ាងខ្លាំង ។ លោក John Milligan-Whyte ប្រធានប្រតិបតិ្តនៃមូលនិធីសហប្រតិបតិ្តការរវាងអាមេរិកនិងចិនបានថ្លែងថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលងើបឡើងវិញដោយទន់ខ្សោយ ប្រទេសចិនបានផ្តល់ការទ្រទ្រង់សម្រាប់ឱ្យកម្លាំងច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ចិនលើកកម្ពស់ឥតឈប់ឈរ តាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងបរិវេណក្នុងស្រុកប្រកបដោយស្ថិរភាព ។
បន្ទាប់ពីទទួលបានការច្នៃប្រឌិតបង្កើតថ្មី “ពីសូន្យដល់មួយ” ក៏ត្រូវមានការអនុវត្តជាក់ស្តែងក្នុងវិស័យឧស្សាហកម្ម ពោលគឺ“ពីមួយ ដល់១រយ” ។ ក្នុងនោះ សហគ្រាសបានដើរតួនាទីជាគន្លឹះ ។ បច្ចុប្បន្ននេះ សហគ្រាសចិនមានប៉ាតង់ដែលមានសុពលភាពចំនួន ៣៧២,៧ម៉ឺន ត្រូវជា ៧៤,៤ភាគរយ នៃចំនួនសរុប ប៉ាតង់ដែលមានសុពលភាពរបស់ប្រទេសចិន ដែលបានបង្ហាញឱ្យឃើញនូវឋានៈដ៏សំខាន់លើវិស័យច្នៃប្រឌិតថ្មីរបស់សហគ្រាស ។
ក្នុងនាមជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកម្លាំងផលិតកម្មគុណភាពថ្មី បញ្ញាសិប្បនិមិ្មតទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងផុលផុស ដែលបានពង្រីកធំក្របខ័ណ្ឌការច្នៃប្រឌិតថ្មីរបស់ចិនថែមមួយកម្រិតទៀត ។ បច្ចុប្បន្ននេះ ចំនួនប៉ាតង់របស់ចិនលើវិស័យបញ្ញាសិប្បនិមិ្មត ត្រូវជា៦០ភាគរយនៃចំនួនសរុបនៅទូទាំងពិភពលោក កាន់លំដាប់ថ្នាក់ទីមួយ ។ “កម្លាំងច្នៃប្រឌិតថ្មី”របស់ចិនបានលើកកម្ពស់ជាបន្តបន្ទាប់ ប្រការនេះមិនត្រឹមតែបានបង្កើនភាពធន់និងភាពរស់រវើករបស់សេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងក៏បានជំរុញការធ្វើបរិវត្តកម្មសេដ្ឋកិច្ចរបស់បណ្តាប្រទេសនានាផងដែរ ហើយបានត្រួសត្រាយចន្លោះថ្មីសម្រាប់ឱ្យសេដ្ឋកិច្ចសកល ។ នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្រុមហ៊ុនពាក់ព័ន្ធបាននាំចូលម៉ាកែតនៃបញ្ញាសិប្បនិមិ្មតពីប្រទេសចិន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដំណើរការ ។ នៅប្រទេសម៉ាឡេស៊ី បច្ចេកទេសទូទាត់លុយតាមឧបកករណ៍ចល័តរបស់ប្រទេសចិនបានជំរុញដល់ការអភិវឌ្ឍមុខរបរទេសចរណ៍ក្នុងតំបន់ ។ នៅប្រទេសអាហ្រ្វិកជាច្រើន បច្ចេកទេសដ្រូនរបស់ចិនបានផ្តល់ជំនួយដល់ការអភិវឌ្ឍកសិកម្មវៃឆ្លាតក្នុងតំបន់ ។ល។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តួចផ្តើមនិងកំណត់ស្តង់ដារអន្តរជាតិចំនួន៥៣២មុខ លើវិស័យរថយន្តថាមពលថ្មី ប្រព័ន្ធថាមពលអគ្គិសនីបែបថ្មី និងអវកាសជាដើម ។
ប្រទេសចិនដែលបើកទូលាយនិងច្នៃប្រឌិតថ្មី បាននិងកំពុងបើកទ្វារជាបន្តបន្ទាប់សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ។ ក្នុងពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២៥ ដែលទើបបានបញ្ចប់ ពាក្យគន្លឹះគឺ “ការត្រួសត្រាយដោយឌីជីថលឆ្លាតវៃ” ។ រីឯពិព័រណ៏ចិន-អាស៊ានលើកទី២២ ដែលកំពុងបើកធ្វើ ក៏បានរៀបចំសាលពិព័រណ៍បញ្ញាសិប្បនិម្មិតជាលើកដំបូង ដើម្បីដាក់តាំងបង្ហាញពីមនុស្សយន្តវៃឆ្លាត និងដំណោះស្រាយAIជឿនលឿនបំផុត ។ល។ ការពិតជាក់ស្តែងបានបញ្ជាក់ថា រឿងរ៉ាវអំពីការច្នៃប្រឌិតថ្មីរបស់ចិន មិនត្រឹមតែជារឿងរ៉ាវរបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែក៏ជារឿងរ៉ាវពាក់ព័ន្ធដល់ពិភពលោកផងដែរ ៕