ឱកាសអភិវឌ្ឍន៍និងផលប្រយោជន៍កម្ពុជា ក្នុងពិព័រណ៍អាស៊ាន-ចិន

CRI, September 24, 2025
Size:

ពិព័រណ៍អាស៊ាន-ចិន ឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង ប្រទេសចិន គឺជាវេទិកាដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការបង្ហាញសក្តានុពលសេដ្ឋកិច្ចនិងការចូលរួមយុទ្ធសាស្ត្រជាមួយតំបន់អាស៊ីអាគ្នេយ៍ ។ ពិព័រណ៍អាស៊ាន-ចិន ឆ្នាំ ២០២៥ មិនមែនជាការបង្ហាញសក្តានុពលសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ពីតួនាទីសំខាន់របស់កម្ពុជា ក្នុងតំបន់អាស៊ីអាគ្នេយ៍និងបានបង្ហាញពីភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចូលរួមសកម្មក្នុងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ ចិន និងកម្ពុជា គឺជាមិត្តដែកថែប ហើយចិនប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

 

ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ ចិនបានក្លាយជាប្រទេសវិនិយោគធំបំផុតក្នុងកម្ពុជា ដោយមានទុនចុះបញ្ជីសរុបប្រមាណ ២.៥ ពាន់លានដុល្លារ ក្នុងគម្រោង ១៧២ គ្របដណ្តប់លើវិស័យសំខាន់ៗដូចជា សំណង់ កសិកម្ម ឧស្សាហកម្ម។ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនក៏បានកើនឡើងដល់ ៤ ពាន់លានដុល្លារ ដែលបង្ហាញពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ការចុះហត្ថលេខាលើគម្រោងសាងសង់បណ្តាញសមុទ្រហ្វូណន-តេជោ (Funan Techo Canal) ជាមួយទុនវិនិយោគ ១.២ ពាន់លានដុល្លារ គឺជាជំហានសំខាន់ក្នុងការកែលម្អសេដ្ឋកិច្ចជាតិ និងការភ្ជាប់តំបន់។

 

ក្នុងពិព័រណ៍ក៏បានបង្ហាញថា កម្ពុជាជាប្រទេសដែលមានទីតាំងយុទ្ធសាស្ត្រល្អ និងរដ្ឋាភិបាលដែលគាំទ្រអាជីវកម្ម។ ទីតាំងភូមិសាស្ត្រជិតសមុទ្រនិងព្រំដែនជាមួយប្រទេសជាច្រើន ជួយដល់ការផ្គត់ផ្គង់ និងការចែកចាយ។ រដ្ឋាភិបាលក៏បានអនុវត្តគោលនយោបាយដែលអនុញ្ញាតឱ្យមានការវិនិយោគបរទេស និងការអភិវឌ្ឍឧស្សាហកម្ម។ ក្រៅពីវិស័យសេដ្ឋកិច្ច កម្ពុជាក៏ទទួលបានអត្ថប្រយោជន៍ក្នុងវិស័យសន្តិសុខតំបន់។ ចិនបានគាំទ្រកម្ពុជាក្នុងការដោះស្រាយវិបត្តិសេរីភាពព្រំដែនជាមួយថៃដោយសន្តិវិធី និងគាំទ្រមេកានិចត្រួតពិនិត្យការផ្អាកបាញ់របស់អាស៊ាន ។ ការចូលរួមក្នុងវេទិកាពហុភាគីដូចជា SCO Plus ក៏ជួយដល់ការជំរុញសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ លទ្ធផលនៃទំនាក់ទំនងជាផ្លែផ្កាជាក់ស្តែង និងទិសដៅជាអាទិភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោយផ្តោតលើការជំរុញទេសចរចិនទៅទស្សនាកម្ពុជា ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការរឹតសម្ព័ន្ធមេត្រីភាពរវាងខេត្ត និងខេត្ត-ទីក្រុងរបស់ចិនជាដើម។ កម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយចិនមួយដោយគ្មានងាករេ និងបានល្អប្រសើរ ហើយកម្ពុជាគាំទ្រគំនិតផ្តួចផ្តើមផ្សេងៗរបស់ចិន រួមមាន៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI), គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI), គំនិតផ្ដួចផ្ដើមសន្ដិសុខសកល (GSI), គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) គំនិតផ្ដួចផ្ដើមអភិបាលកិច្ច AI សកល (Global AI Governance Initiative) ជាពិសេសគំនិតផ្ដួចផ្ដើមអភិបាលកិច្ចសកល  (GGI) 

 

ក្នុងពេលអនាគត កម្ពុជាអាចបន្តជំរុញការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការចូលរួមយុទ្ធសាស្ត្រជាមួយប្រទេសជិតខាង ដោយផ្អែកលើគោលនយោបាយសេដ្ឋកិច្ចបើកចំហ និងការរួមចំណែកសកម្មក្នុងសហគមន៍អាស៊ាន ព្រមទាំងអាចជួយដល់ការកែលម្អជីវភាពប្រជាជន និងការរីកចម្រើនប្រកបដោយចីរភាពសម្រាប់ជាតិទាំងមូល។

 

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍

ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា