កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ឡានឆាង-មេគង្គ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងសន្តិសុខ បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ ឯកឧត្តម វ៉ាង សៀងហុង ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិន បានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំនេះ គឺជាខួបលើកទី ១០ នៃការបង្កើតយន្តការសហប្រតិបត្តិការ ឡានឆាង-មេគង្គ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថាប័នអនុវត្តច្បាប់នៃប្រទេសទន្លេឡានឆាង-មេគង្គ បានអនុវត្តដោយយកចិត្តទុកដាក់នូវចំណុចឯកភាពគ្នាដែលសម្រេចបាននៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ដើម្បីរួមគ្នាការពារសន្តិសុខ និងរក្សាស្ថិរភាពក្នុងតំបន់ និងសម្រេចបាននូវសមិទ្ធផលមួយចំនួនធំក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា និងបានផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសនានា។
ឯកឧត្តម វ៉ាង សៀងហុង បានថ្លែងថា ភាគីចិននឹងធ្វើការជាមួយភាគីនានា ដើម្បីអនុវត្តយ៉ាងសកម្មតាមគំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល កែលម្អក្របខណ្ឌអភិបាលកិច្ចសន្តិសុខក្នុងតំបន់ និងគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍមជ្ឈមណ្ឌលសហប្រតិបត្តិការអនុវត្តច្បាប់ និងសន្តិសុខរួម ឡានឆាង-មេគង្គ ដើម្បីរួមគ្នាលើកកម្ពស់សមត្ថភាពអនុវត្តច្បាប់ និងរួមគ្នាកសាងផ្ទះ ឡានឆាង-មេគង្គ ដែលមានសន្តិភាព សន្តិសុខ វិបុលភាព ស្រស់ស្អាត និងមិត្តភាព ព្រមទាំងជំរុញការកសាងសហគមន៍វាសនារួមប្រទេសទន្លេឡាឆាង-មេគង្គឱ្យទទួលបាននូវសមិទ្ធផលកាន់តែច្រើនថែមទៀត។
តំណាងដែលមកពីប្រទេសនានាតាមបណ្តោយទន្លេឡានឆាង-មេគង្គ បានថ្លែងថានឹងអនុវត្តយ៉ាងសកម្មនូវលទ្ធផលនៃកិច្ចប្រជុំនេះ និងបង្កើនកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងសន្តិសុខនៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។
អង្គប្រជុំបានអនុម័ត "សេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន" និង "សេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយាមល្បាត និងការអនុវត្តច្បាប់រួមនៅតាមដងទន្លេមេគង្គ"។