កាលពីថ្ងៃទី១៦ខែកញ្ញា លោកHan zheng អនុប្រធានរដ្ឋចិនបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយលោក U Nyo Saw នាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា លោក Bounthong Chitmany អនុប្រធានរដ្ឋឡាវ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្រី្តទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា និងលោក Mai Văn Chínhឧបនាយករដ្ឋមន្ត្រីវៀតណាម ដែលអញ្ជើញមកកាន់ប្រទេសចិនដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ានលើកទី២២ នៅក្រុងណាននីងភូមិភាគក្វាំងស៊ី។
ពេលជួបពិភាក្សាជាមួយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកHan zheng អនុប្រធានរដ្ឋចិនបានថ្លែងថា ភាគីចិនរីករាយធ្វើការជាមួយភាគីកម្ពុជាដើម្បីអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមដ៏សំខាន់របស់ថា្នក់ដឹកនាំនៃប្រទេសទាំងពីរចិននិងកម្ពុជា ជំរុញតួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា ព្រមទាំងបំពេញបន្ថែមខ្លឹមសារសម្រាប់ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ“ត្បូងពេជ្រ” និងពន្លឿនការកសាង“ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា”និង“ច្រករបៀងត្រីនិងអង្ករ” ដើម្បីជំរុញការធ្វើទំនើបកម្មនៃប្រទេសរៀងៗខ្លួន។
ជាការឆ្លើយតប លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីកម្ពុជាថ្លែងថា មិត្តភាពដែកថែបរវាងកម្ពុជា-ចិនមិនអាចបំបែកបានទេ ជោគវាសនារវាងកម្ពុជា-ចិនគឺភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។ ភាគីកម្ពុជាចាត់ទុកចិនជាមិត្តភក្តិដែលគួរឱ្យជឿទុកចិត្តបំផុត ហើយរីករាយធ្វើការជាមួយភាគីចិនក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ដើម្បីបំពេញកម្លាំងចលករថ្មីឥតឈប់ឈរសម្រាប់ការកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជា-ចិន៕