នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងប៉េកាំង។
ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកម្ពុជា ដោយចាត់ទុកគំនិតឯកភាពរួមជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរជាគោលការណ៍ណែនាំ ដើម្បីពង្រឹងការផ្លាស់ប្តូរជាន់ខ្ពស់ និងបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក។ ភាគីទាំងពីរគួរតែបន្តជំរុញតួនាទីនៃយន្តការគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា ពន្លឿនការអនុវត្តគម្រោងសហប្រតិបត្តិការលើគ្រប់វិស័យ និងប្រើប្រាស់ឱ្យបានល្អនូវផែនការស្តីពី"ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា" និង "ច្រករបៀងត្រី និងអង្ករ" ដើម្បីសម្រេចបានសមិទ្ធផលជាក់ស្តែងបន្ថែមទៀត។ ប្រទេសចិនគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការគាំពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ។ ប្រទេសចិន និងកម្ពុជាសុទ្ធតែប្រឆាំងនឹងប្រទេសមួយក្តាប់តូចដែលធ្វើអនុត្តរភាពដោយឯកតោភាគី ដើរបញ្រ្ចាសពីប្រវត្តិសាស្រ្ត និងប្រើប្រាស់បញ្ហាពន្ធគយដើម្បីកេងចំណេញផលប្រយោជន៍ពីពិភពលោក។
ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានថ្លែងថា ប្រទេសកម្ពុជាសូមថ្លែងអំណរគុណចំពោះការគាំទ្រនិងជំនួយដ៏ថ្លៃថ្លារបស់ប្រទេសចិនអស់កាលជាយូរមក ហើយសន្យាថានឹងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយ។ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ហើយកម្ពុជានឹងបន្តធ្វើការយ៉ាងមុតមាំជាមួយប្រទេសចិន ដើម្បីកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់។ សង្គ្រាមពន្ធគយបានបង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់កម្ពុជា និងពិភពលោក។ កម្ពុជាមានឆន្ទៈដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការចរចា ប៉ុន្តែនឹងមិនលះបង់ផលប្រយោជន៍របស់ខ្លួន ឬរបស់ចិននោះឡើយ៕