នារសៀលថ្ងៃទី ៣០ ខែសីហា នៅទីក្រុង Tianjin លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Min Aung Hlaing ប្រធានាធិបតីស្តីទីនៃប្រទេសមីយ៉ាន់ម៉ាដែលអញ្ជើញមកកាន់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ ២០២៥ និងពិធីរំលឹកខួបលើកទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រទេសមីយ៉ាន់ម៉ា គឺជាផ្នែកមួយដ៏សំខាន់នៃសមរភូមិបូព៌ានៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស និងជាដៃគូសន្ទនាដ៏សំខាន់របស់ SCO។ ភាគីទាំងពីរគួរតែចាត់ទុកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងមីយ៉ាន់ម៉ាជាឱកាសមួយ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងពន្លឿនការកសាងសហគមន៍រួមវាសនា ក្នុងន័យនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Min Aung Hlaing បានថ្លែងថា ប្រទេសមីយ៉ាន់ម៉ា និងចិនមានចំណងមិត្តភាពជាភាតរភាពយ៉ាងជ្រាលជ្រៅនិងមានការស្វែងរកដូចគ្នាចំពោះសន្តិភាព និងស្ថិរភាព ហើយប្រទេសទាំងពីរបានរួមចំណែកសំខាន់ក្នុងជ័យជម្នះលើសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ។ មីយ៉ាន់ម៉ានឹងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ហើយមានឆន្ទៈធ្វើការជាមួយប្រទេសចិន ដើម្បីរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងន័យនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕