នាថ្ងៃទី ៣០ សីហា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ២០២៥ នៅទីក្រុង Tianjin ប្រទេសចិន។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ចំណងមិត្តភាពកម្ពុជា-ចិនឆ្លងកាត់ពេលវេលារឹតតែយូរ រឹតតែរឹងមាំ។ វាបានក្លាយជាកំណប់ទ្រព្យដ៏មានតម្លៃរបស់ប្រជាជននៃប្រទេសទាំងពីរ។ ប្រទេសចិនគាំទ្រកម្ពុជាក្នុងការគាំពារស្ថិរភាពជាតិ ប្រកាន់ខ្ជាប់ភាពឯករាជ្យម្ចាស់ការ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ និងការស្តារឡើងវិញនៃប្រទេសជាតិ។ ប្រទេសចិនមានឆន្ទៈក្នុងការបង្កើនតួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្យ»ជាមួយកម្ពុជា ជំរុញការកសាង«ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា»និង «ច្រករបៀងមច្ឆា និងអង្ករ» ពង្រីកការទៅមករកគ្នាខាងពាណិជ្ជកម្ម និងលើកកម្ពស់សមត្ថភាពរបស់កម្ពុជាសម្រាប់ការអភិវឌ្ឍដោយម្ចាស់ការ ។ ភាគីទាំងពីរគួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន ដូចជាល្បែងស៊ីសងតាមអ៊ីនធឺណិត និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ជាដើម ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ប្រជាជនចិនបានបង្កើតសន្តិភាពតាមរយៈភាពក្លាហានរបស់ខ្លួននិងការរួមសាមគ្គីគ្នា ពិតជាគួរឱ្យកោតសរសើរ។ កម្ពុជាសូមថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ការគាំទ្រនិងជំនួយដ៏មានតម្លៃចំពោះកម្ពុជាក្នុងរយៈពេលយូរមក ។ មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណានោះទេ កម្ពុជានឹងប្រកាន់ខ្ជាប់នូវគោលនយោបាយមេត្រីភាពជាមួយប្រទេសចិន ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយ និងគាំទ្រយ៉ាងមុតមាំនូវគំនិតផ្តួចផ្តើមជាសកលទាំងបីដែលលើកឡើងដោយប្រទេសចិន។ កាលពីខែមេសា ឆ្នាំនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅប្រទេសកម្ពុជា ហើយទទួលបានលទ្ធផលជាផ្លែផ្កា។ កម្ពុជារំពឹងទុកធ្វើការជាមួយប្រទេសចិន អនុវត្តគំនិតឯកភាពរួមដ៏សំខាន់ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចលើកនេះ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងជំរុញការកសាងសហគមន៍រួមជោគវាសនាគ្រប់រដូវកាលរវាងប្រទេសទាំងពីរ៕