វេទិកាសុវត្ថិភាពទេសចរណ៍ចិន-អាស៊ានបានប្រារព្ធធ្វើនៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៥ ខែសីហា។ វេទិកានេះបានស្វែងរកដំណោះស្រាយជាក់ស្តែង និងបង្កើតយន្តការកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងរបាំងសន្តិសុខ ជំរុញការអភិវឌ្ឍខាងវិស័យទេសចរណ៍ និងវិបុលភាពក្នុងតំបន់។
សូមបញ្ជាក់ថា វេទិកានេះបានសហការរៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) ក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងអនុវត្តច្បាប់រួម Lancang-Mekong ។
ថ្លែងក្នុងសុន្ទរកថា លោក Shi Zhongjun អគ្គលេខាធិការ ACC បានលើកឡើងថា ខណៈពេលដែលឧស្សាហកម្មទេសចរណ៍របស់អាស៊ានបានងើបឡើងវិញបន្តិចហើយបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែហានិភ័យផ្នែកសន្តិសុខ ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ព័ត៌មានមិនពិត និងជម្លោះក្នុងតំបន់ជាដើមបានបន្តប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជន និងរារាំងដល់ការអភិវឌ្ឍនៃវិស័យទេសចរណ៍។ លោកបានលើកសំណើចំនួន ៤ ចំណុចពោលគឺធ្វើឱ្យស៊ីជម្រៅនូវគោលនយោបាយ និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខក្នុងតំបន់ ធ្វើកិច្ចសម្របសម្រួលផ្នែកសន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព ជំរុញការកសាងសមត្ថភាពទេសចរណ៍ និងជំរុញឌីជីថលូបនីយកម្មផ្នែកនវានុវត្តន៍និងអភិបាលកិច្ច៕