ផ្នែកយោធាកម្ពុជានិងថៃ៖ នឹងរក្សាការប្រាស្រ័យទាក់ទង ព្រមទាំងចៀសវាងកើតមានការប៉ះទង្គិចគ្នា

CRI, August 20, 2025
Size:

        ថ្ងៃទី ១៦ខែសីហា ផ្នែកយោធាកម្ពុជានិងថៃបានរៀបចំធ្វើកិច្ចប្រជុំវិសាមញ្ញនៅខេត្តត្រាត ប្រទេសថៃ ដើម្បីពិគ្រោះពិភាក្សាអំពីបញ្ហាគាំពារសន្តិភាពនៅតំបន់ព្រំដែនជាដើម ។ យោងតាមព័ត៌មានដែលយោធភូមិភាគទី៣របស់កម្ពុជាចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំឱ្យដឹងថា ភាគីទាំងពីរយល់ព្រមរក្សាការប្រាស្រ័យទាក់ទងជាប្រចាំរវាងកងទ័ពនៅតំបន់ព្រំដែនកម្ពុជា-ថៃ ព្រមនិងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី ក៏ដូចជាចៀសវាងកើតមានការប៉ះទង្គិចគ្នា ។

        ព័ត៌មានបានប្រកាសថា ភាគីទាំងពីរឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល ដើម្បីពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត ។ ដោយមកពីបច្ចុប្បន្ននេះ កំពុងធ្វើការងារបែងចែកខ្សែព្រំដែន បានជាឆ្លងតាមរយៈការពិគ្រោះពិភាក្សារវាងគណៈកម្មាធិការកិច្ចការព្រំដែននៃប្រទេសទាំងពីរ អាចគ្រោងការងារកំចាត់មីននៅតំបន់ដែលបានបែងចែកខ្សែព្រំដែនរួចហើយនិងតំបន់គ្មានជម្លោះ ។

        ថ្ងៃទី ១៦ ខែសីហា កងទ័ពជើងទឹកនៃប្រទេសថៃ បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា មេបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត និងមេបញ្ជាការយោធភូមិភាគទី៣របស់កម្ពុជាបានបើកធ្វើកិច្ចប្រជុំនៃគណៈកម្មាធិការកិច្ចការព្រំដែន ក្នុងគោលបំណងដោះស្រាយបញ្ហាពាក់ព័ន្ធតាមសន្តិវិធី គាំពារសន្តិភាពនៅតំបន់ព្រំដែន និងជីវភាពរស់នៅជាប្រក្រតីរបស់ប្រជាជននៃប្រទេសទាំងពីរ ។ កងទ័ពជើងទឹកថៃបានថ្លែងថា ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាអំពីកិច្ចប្រជុំលើកនេះ ៕