កាលពីថ្ងៃទី១៥ខែសីហាឆ្នាំ២០២៥ ចិន ឡាវ មីយ៉ាន់ម៉ានិងថៃបានរៀបចំកិច្ចជំនួបក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនៅក្រុង Anning ខេត្ត Yunnan ។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន លោក Thongsavanh រដ្ឋមន្ត្រីការបរទេសឡាវ លោក U Than Swe រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ានិងលោក Maris Sangiampongsa រដ្ឋមន្ត្រីការបរទេសថៃបានអញ្ជើញចូលរូមកិច្ចជំនួបនេះ ។
លោក Wang Yi បានថ្លែងថា ចិន ឡាវនិងថៃជាប្រទេសជិតខាងដ៏មេត្រីភាពរបស់មីយ៉ាន់ម៉ា ដែលកាន់តែយល់ដឹងពីសភាពការណ៍ជាតិពិសេសរបស់មីយ៉ាន់ម៉ា កាន់តែសង្ឃឹមថាមីយ៉ាន់ម៉ានឹងស្តារស្ថិរភាពឡើងវិញនិងសម្រេចបាននូវការផ្សះផ្សាជនជាតិ ក៏ដូចជារៀបចំធ្វើការបោះឆ្នោតសកលប្រកបដោយយុត្តិធម៌និងសមភាព ដើម្បីត្រួសត្រាយចេញនូវផ្លូវអភិវឌ្ឍន៍មួយដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួននិងទទួលបានការគាំទ្រពីប្រជាជន ។
ភាគីមីយ៉ាន់ម៉ាបានឧទ្ទេសនាមអំពីស្ថានការណ៍ក្នុងស្រុកនិងសភាពការណ៍ត្រៀមរៀបចំការបោះឆ្នោតសកល ដោយបង្ហាញថា នឹងខិតខំប្រឹងប្រែងឆ្លងតាមរយៈការចរចាសន្តិភាពខាងនយោបាយដើម្បីជំរុញដំណើរសន្តិភាពនិងផ្សះផ្សាក្នុងស្រុក ហើយកំពុងត្រៀមលក្ខណៈយ៉ាងសកម្មសម្រាប់ការបោះឆ្នោតប្រកបដោយយុត្តិធម៌និងតម្លាភាពនៅចុងឆ្នាំនេះ ដើម្បីផ្តល់អំណាចឱ្យប្រជាជនវិញ ។
ភាគីទាំងបួនបានឯកភាពគ្នាបន្តបង្កើនកិច្ចសហប្រតិបត្តិការខាងសន្តិសុខក្នុងការអនុវត្តច្បាប់ ពង្រឹងការងារបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនដូចជា ល្បែងអនឡាញនិងការឆបោកតាមអ៊ីនធើណេត ការជួញដូរនិងដឹកជញ្ជូនគ្រឿងញៀននិងអាវុធនិងការជួញដូរមនុស្សជាដើម ដើម្បីរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ៕