នៅថ្ងៃទី ១៤ ខែសីហា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក U Than Swe រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាដែលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ១០ នៃយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គនៅទីក្រុង Anning ខេត្ត Yunnan ប្រទេសចិន ។
ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រទេសចិននិងមីយ៉ាន់ម៉ាគួរចាត់ទុកខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតជាឱកាសមួយដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចកសាងសហគមន៍រួមវាសនា ។ ប្រទេសចិនគាំទ្រមីយ៉ាន់ម៉ាក្នុងការការពារអធិបតេយ្យភាពនិងបង្រួបបង្រួមជាតិ ក៏ដូចជាជំរុញរបៀបវារៈនយោបាយរបស់ខ្លួនដោយនឹងនរ ។ រំពឹងថា ប្រទេសមីយ៉ាន់ម៉ានឹងធានាយ៉ាងប្រាកដប្រជានូវសុវត្ថិភាពនៃបុគ្គលិក ស្ថាប័ននិងគម្រោងរបស់ប្រទេសចិននៅមីយ៉ាន់ម៉ាព្រមទាំងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនថែមមួយកម្រិតទៀតដើម្បីគាំពារសន្តិភាពនិងស្ថិរភាពនៅតំបន់តាមព្រំដែនរវាងប្រទេសទាំងពីរ ។
ជាការឆ្លើយតប លោក U Than Swe បានថ្លែងថា មីយ៉ាន់ម៉ាប្រកាន់ខ្ជាប់គោលការណ៍ចិនមួយយ៉ាងមុតមាំនិងគាំទ្រគំនិតផ្តួចផ្តើមសកលធំៗទាំងបីរបស់ចិន ។ លោកសូមថ្លែងអំណរគុណចំពោះប្រទេសចិនដែលផ្តល់ការគាំទ្រនិងជំនួយដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់មីយ៉ាន់ម៉ានិងការស្តារឡើងវិញក្រោយពីគ្រោះមហន្តរាយ ៕