ឯកឧត្តម វ៉ាង យី៖ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គទទួលបានលទ្ធផលជាផ្លែផ្កាក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ

lmcchina.org, August 17, 2025
Size:

ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ១០ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានប្រារព្ធទៅនៅទីក្រុងអាននីងនៃខេត្តយូណាន។ បន្ទាប់ពីកិច្ចប្រជុំនេះ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន និងឯកឧត្តម Maris Sangiampongsa រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន។

ឯកឧត្តម វ៉ាង យី បានថ្លែងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ១០ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ទើបបានប្រព្រឹត្តទៅដោយជោគជ័យ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រទេសទាំង ៦ បានផ្សព្វផ្សាយពីវប្បធម៌ឡានឆាង-មេគង្គដែល "រាប់អានគ្នាដោយស្មើភាព ជួយគ្នាទៅវិញទៅមកដោយស្មោះត្រង់ និងជិតស្និទ្ធដូចគ្រួសារតែមួយ" ហើយប្រកាន់ខ្ជាប់នូវស្មារតីឡានឆាង-មេគង្គដែល "ផ្តល់អាទិភាពដល់ការអភិវឌ្ឍ ពិគ្រោះពិភាក្សាដោយស្មើភាពគ្នា អនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាពខ្ពស់ បើកចំហនិងមានបរិយាបន្ន" រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងបង្កើតល្បឿនឡានឆាង-មេគង្គដែល "មានវឌ្ឍនភាពរៀងរាល់ថ្ងៃ ទទួលបានលទ្ធផលរៀងរាល់ខែ និងឈានដំណើរទៅមុខរៀងរាល់ឆ្នាំ"។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ការជឿទុកចិត្តគ្នាជាយុទ្ធសាស្រ្តរវាងប្រទេសចិន និងប្រទេសទន្លេមេគង្គទាំង ៥ ត្រូវបានពង្រឹងឱ្យកាន់តែស៊ីជម្រៅ ដោយសម្រេចបាននូវការបង្កើតសហគមន៍វាសនារួមទ្វេភាគីរវាងប្រទេសចិន និងប្រទេសទាំង ៥ ហើយការសាងសង់ខ្សែក្រវាត់អភិវឌ្ឍសេដ្ឋកិច្ចទន្លេឡានឆាង-មេគង្គបានចាប់ផ្តើមដំណើរការយ៉ាងមានភាពរលូន។ ប្រជាជននៃប្រទេសទន្លេឡានឆាង-មេគង្គមានទំនាក់ទំនងកាន់តែជិតស្និទ្ធ និងមានការយល់ដឹងពីគ្នាកាន់តែស៊ីជម្រៅ។

ឯកឧត្តម វ៉ាង យី បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមជាសហគមន៍វាសនារួមធម្មជាតិ ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានប្រមូលនូវបទពិសោធន៍ដ៏មានតម្លៃក្នុងកិច្ចសហប្រតិបត្តិការរយៈពេល ១០ ឆ្នាំកន្លងមក។ ប្រឈមនឹងបញ្ហាជាច្រើនទាំងក្នុងតំបន់ និងលើពិភពលោក កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គអាចរីកចម្រើនបានឆាប់រហ័ស ដោយសារតែយើងបានប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះចំនួន ៤ គឺ ទី១ ប្រកាន់ខ្ជាប់នូវការរាប់អានជាមួយអ្នកជិតខាង និងរួមសុខរួមទុក្ខជាមួយគ្នា។ ទី២ ផ្តោតលើការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ទី៣ ប្រកាន់ខ្ជាប់នូវការផ្តល់ផលប្រយោជន៍ និងការអនុគ្រោះដល់ប្រជាជន បើកចំហ និងមានបរិយាបន្ន។ ទី៤ ប្រកាន់ខ្ជាប់នូវការជំរុញដោយនវានុវត្តន៍ និងធ្វើការសាកល្បង និងពិសោធន៍។

ឯកឧត្តម វ៉ាង យី បានថ្លែងថា អនាគតនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គក្នុងរយៈពេល ១០ ឆ្នាំខាងមុខគឺគួរឱ្យរំពឹងទុកណាស់។ គ្រប់ភាគីទាំងអស់នឹងប្រមូលកម្លាំងកាយចិត្ត តស៊ូព្យាយាម ខិតខំបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រួមគ្នាកសាង "ផ្ទះធំទាំង ៥" ដែលប្រកបដោយសន្តិភាព សន្តិសុខ វិបុលភាព សោភណភាព និងមិត្តភាព ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការកសាងសហគមន៍វាសនារួមជាមួយប្រទេសជិតខាង។