ទាក់ទងនឹងករណីដែលទាហានថៃចំនួន ៣នាក់ រងរបួសដោយការផ្ទុះគ្រាប់មីនពេលដើរល្បាតតាមព្រំដែនកម្ពុជា-ថៃ អ្នកនាំពាក្យកងទ័ពជើងគោករបស់ថៃ បានថ្លែងកាលពីថ្ងៃទី៩ ខែសីហាថា សកម្មភាពរបស់កម្ពុជាបានបំពានយ៉ាងច្បាស់លើអនុសញ្ញាអូតាវ៉ាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រល័យជីវិត ។ កម្ពុជាបានច្រានចោលចំពោះការចោទប្រកាន់បែបនេះ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កាលពីថ្ងៃទី ៤ ខែសីហា ថៃបានរកឃើញនិងបោសសម្អាតមីនជាច្រើនគ្រាប់ នៅក្នុងតំបន់ដែលធ្លាប់ត្រូវកាន់កាប់ដោយទាហានកម្ពុជានៅតាមតំបន់ព្រំដែនក្នុងខេត្តស៊ីសាកេត។ សកម្មភាពរបស់កម្ពុជាបានបង្កជាឧបសគ្គយ៉ាងខ្លាំងក្លាដល់ការអនុវត្តបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី ។
នៅយប់ថ្ងៃទី៩ ខែសីហា អាជ្ញាធរសកម្មភាពកម្ចាត់មីន និងជំនួយជនរងគ្រោះដោយសារមីនកម្ពុជា (CMAA) បានច្រានចោលការចោទប្រកាន់របស់ថៃ ដោយបញ្ជាក់ថា ទាក់ទងនឹងករណីរដែលទាហានថៃរងរបួស គិតមកទល់ពេលបច្ចុប្បន្ន នៅមិនទាន់មានការស៊ើបអង្កេតជាផ្លូវការប្រកបដោយតម្លាភាពណាមួយឡើយ។ អាជ្ញាធរនេះបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានារក្សាការអត់ធ្មត់នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ ដោយបន្ថែមថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន អាចបំផ្លាញស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តដែលបានបង្កើតឡើងក្រោមបទឈប់បាញ់ ៕