នៅរសៀលថ្ងៃទី៧ ខែសីហា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ បានឈានដល់គំនិតឯកភាពរួមលើបទឈប់បាញ់រវាងប្រទេសទាំងពីរ ហើយភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារពាក់ព័ន្ធ។រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទីរបស់ប្រទេសថៃបានបញ្ជាក់ថា ថៃ និងកម្ពុជាបានព្រមព្រៀងគ្នាឱ្យសមាគមអាស៊ានចាត់បញ្ជូនអ្នកសង្កេតការណ៍ដើម្បីឃ្លាំមើលបទឈប់បាញ់ ហើយប្រទេសទាំងពីរបានព្រមព្រៀងគ្នាថាមិនបន្ថែមការដាក់ពង្រាយកងទ័ពទៅព្រំដែន។
ភាគីកម្ពុជាបានថ្លែងថា ភាគីទាំងពីរបានធ្វើការពិគ្រោះពិភាក្សាលម្អិតអំពីបទឈប់បាញ់ និងគាំទ្រការបង្កើតយន្តការតាមដានត្រួតពិនិត្យបទឈប់បាញ់ក្នុងតំបន់ ដើម្បីស្តារទំនុកចិត្តទៅវិញទៅមករវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានយល់ព្រមរៀបចំចាត់ចែងទាហានដែលត្រូវចាប់ខ្លួនតាមច្បាប់មនុស្សធម៌អន្តរជាតិ។ ប្រទេសថៃបានបញ្ជាក់ថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ហើយនឹងរក្សាការប្រាស្រ័យទាក់ទងដោយរលូន និងដោះស្រាយបញ្ហាតាមរយៈយន្តការទ្វេភាគី។ ភាគីទាំងពីរបានឯកភាពថា រដ្ឋសមាជិកអាស៊ាននិងប្រទេសដទៃទៀតនឹងចូលរួមសង្កេតការណ៍ដើម្បីតាមដានការអនុវត្តបទឈប់បាញ់។
តាមការផ្សាយដំណឹងឱ្យដឹងថា ភាគីទាំងពីរក៏បានឯកភាពគ្នាលើការបើកកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅលើកក្រោយក្នុងរង្វង់មួយខែខាងមុខនេះ៕