ក្រសួងការបរទេសចិន៖រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍនិងឈ្នះ-ឈ្នះនៅពេលអនាគត

CRI, July 24, 2025
Size:

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី២២ខែកក្កដា មានអ្នកសារព័ត៌មានសួរថា ពេលថ្មីៗកន្លងទៅនេះ មានប្រព័ន្ធសារព័ត៌មាននិងបញ្ញវន្តបានធ្វើការអត្ថាធិប្បាយថា ការដែលប្រទេសចិនបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”និងការដែលសហរដ្ឋអាមេរិកដំឡើងពន្ធគយខ្ពស់ចំពោះដៃគូពាណិជ្ជកម្មរបស់អាមេរិកបង្កើតបានជាការប្រៀបធៀបយ៉ាងច្បាស់លាស់ ប្រទេសជាច្រើនចាត់ទុកកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ”ជាឱកាសមួយដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងជាមួយប្រទេសចិន  តើអ្នកនាំពាក្យមានការអត្ថាធិប្បាយយ៉ាងណាចំពោះករណីនេះ?

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីប្រកបដោយគុណភាពខ្ពស់  ឆ្លងតាមការអភិវឌ្ឍអស់រយៈពេលជាង១០ឆ្នាំ ផ្នែកលើមូលដ្ឋានជំរុញការតភ្ជាប់គ្នាទៅវិញទៅមក ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានក្លាយជាវេទិកាសហប្រតិបត្តិការខាងពាណិជ្ជកម្មនិងឧស្សាហកម្ម ដែលជំរុញឱ្យប្រទេសកាន់តែច្រើនរួមបញ្ចូលជាមួយខ្សែសង្វាក់ឧស្សាហកម្មអន្តរជាតិ ដើម្បីរួមគ្នាគាំពារស្ថិរភាពនិងភាពរឹងមាំនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល  ភាគីចិនរីករាយបន្តធ្វើការជាមួយភាគីនានា ជំរុញឱ្យការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ អភិវឌ្ឍកាន់តែស៊ីជម្រៅនិងរឹងមាំ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍនិងឈ្នះ-ឈ្នះនៅពេលអនាគត