ក្រសួងការបរទេសចិន៖ ជានិច្ចកាល ប្រទេសចិនតែងតែជាអ្នកអនុវត្តជាក់ស្តែងក្នុងការជំរុញការអភិវឌ្ឍសកល

CRI, July 21, 2025
Size:

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិនដែលបើកធ្វើកាលពីថ្ងៃទី១៧ ខែកក្កដា មានអ្នកសារព័ត៌មានសួរថា ថ្មីៗនេះ អង្គការសហប្រជាជាតិបានចេញរបាយការណ៍ស្តីពីការវាយតម្លៃចំពោះការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ដោយចង្អុលបង្ហាញថាមានគោលដៅជិតពាក់កណ្តាលបានដំណើរការយឺត ហើយមានគោលដៅចំនួន ១៨% កំពុងដើរថយក្រោយទៀតផង។ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា ពិភពលោកបាននិងកំពុងប្រឈមមុខនឹង"ភាពអាសន្ននៃការអភិវឌ្ឍ" ប៉ុន្តែគោលដៅនៅតែមានលទ្ធភាពអាចឈានទៅរកការសម្រេចបាន។ ចំណុចសំខាន់គឺស្ថិតនៅត្រង់ថាតើភាគីទាំងអស់អាចមានប្រតិបត្តិការដែលបន្ទាន់ រួមសាមគ្គីភាពគ្នា និងមុតមាំឬអត់។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ប្រទេសចិនបានជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការផ្នែកការអភិវឌ្ឍអន្តរជាតិ ព្រមនិងលើកឡើងនិងអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការអភិវឌ្ឍន៍ជាង ២០ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាង ៣០ លាននាក់នៅក្នុងប្រទេសជាង ៦០ ។ នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសG20នៅក្រុង Rio កាលពីឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសពីប្រតិបត្តិការចំនួន  របស់ប្រទេសចិន ដើម្បីគាំទ្រដល់ការអភិវឌ្ឍជាសកល ដោយបានជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យសំខាន់ៗដូចជាសន្តិសុខស្បៀង ការច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មបៃតងជាដើម។ជានិច្ចកាល ប្រទេសចិនតែងតែជាអ្នកអនុវត្តជាក់ស្តែងក្នុងការជំរុញការអភិវឌ្ឍសកល។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយភាគីទាំងអស់ដើម្បីជំរុញវិបុលភាព និងវឌ្ឍនភាពរួមរបស់ពិភពលោក៕