អនុលោមតាមទិន្នន័យស្ថិតិនៃសមាគមសម្ភារៈកកើតឡើងវិញរបស់ប្រទេសចិនឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ ការប្រមូលយកមកវិញនូវធនធានកកើតឡើងវិញរបស់ប្រទេសចិនមានចំនួនប្រមាណ ៤០១ លានតោន ដែលកើនឡើង ៦,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣។ ក្នុងចំណោមនោះ ការប្រមូលយកមកវិញនៃផលិតផលអេឡិចត្រូនិកនិងគ្រឿងអគ្គិសនីដែលត្រូវបានបោះបង់ចោលមានដល់ទៅ ២២០ លានគ្រឿង បានបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត ដែលកើនឡើង ១៥.៨% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣។ ឯបរិមាណប្រមូលយកមកវិញនូវយានយន្តដែលលែងប្រើបាន សំបកកង់រថយន្តខូច និងថ្មអាគុយខូចជាដើមក៏បានកើនឡើងក្នុងកម្រិតខុសៗគ្នាផងដែរ។
លោក Xu Junxiang ប្រធានសមាគមសម្ភារៈកកើតឡើងវិញរបស់ប្រទេសចិនបានថ្លែងថា ក្នុងឆ្នាំ ២០២៥ ទំហំឧស្សាហកម្មប្រើប្រាស់ធនធានវិលជុំរបស់ប្រទេសចិនត្រូវបានគេរំពឹងទុកថាអាចឈានដល់ ៥ ទ្រីលានយាន់ប្រាក់ចិន ពោលគឺមានទ្រង់ទ្រាយកាន់តែធំទៅៗ។ ការប្រើធនធានវិលជុំក្រោមក្របខ័ណ្ឌនៃទីផ្សារជាតិបង្រួបបង្រួម ធ្វើឱ្យឧស្សាហកម្មកាបូនទាបមានទ្រង់ទ្រាយកាន់តែធំ និងមានភាពជំនាញខ្លាំងឡើងៗ ដែលបានដើរតួនាទីជំរុញយ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចជាតិចិន៕