លោក Wang Yi សមាជិកនៃការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបពិភាក្សាការងារជាមួយលោក Bùi Thanh Sơn ឧបនាយករដ្ឋមន្រ្តីវៀតណាម

CRI, July 14, 2025
Size:

លោក Wang Yi សមាជិកនៃការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក  Bùi Thanh Sơn ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមនៅក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៥។

លោក Wang Yi បានថ្លែងថា ប្រទេសចិនចាត់ទុកទំនាក់ទំនងការទូតជាមួយប្រទេសវៀតណាមជាការទូតអាទិភាពជាមួយប្រទេសជិតខាង រីករាយធ្វើការជាមួយភាគីវៀតណាម និងចាត់ទុកខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសយើងទាំងពីរជាចំណុចចាប់ផ្តើមថ្មី ដើម្បីរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់ បង្កើនទំនុកចិត្តខាងយុទ្ធសាស្រ្ត ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដោះស្រាយការខ្វែងគំនិតដោយសមរម្យ និងជំរុញឱ្យការកសាងសហគមន៍រួមវាសនាចិននិងវៀតណាមទទួលបានការវិវឌ្ឍថ្មីដោយឥតឈប់ឈរ 

លោក Wang Yi បានថ្លែងទៀតថា ភាគីចិនរីករាយធ្វើការជាមួយភាគីវៀតណាមក្នុងការបង្កើនការសម្របសម្រួលខាងយុទ្ធសាស្រ្តក្នុងវេទិកាសហប្រតិបត្តិការអាស៊ីខាងកើត ស្វាគមន៍ប្រទេសវៀតណាមក្លាយទៅជាសមាជិកនៃប្រទេសBRICS  និងគាំទ្រវៀតណាមឱ្យចូលរួមមហាគ្រួសារនៃអង្គការសហប្រតិបត្តិការសៀងហៃក្នុងពេលឆាប់ៗ ដើម្បីរួមគ្នាប្រកាន់ខ្ជាប់ពហុភាគីនិយមពិតប្រាកដ និងគាំពារយុត្តិធម៌អន្តរជាតិ។

ជាការឆ្លើយតប លោក  Bùi Thanh Sơn បានថ្លែងថា វៀតណាមរីករាយធ្វើការជាមួយប្រទេសចិនក្នុងការអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យដូចជាផ្លូវដែក ហិរញ្ញវត្ថុ បច្ចេកវិទ្យា ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម។ វៀតណាមរីករាយធ្វើការជាមួយប្រទេសចិនក្នុងការជំរុញឱ្យទំនាក់ទំនងរវាងអាស៊ាននិងចិនសម្រេចបានការអភិវឌ្ឍកាន់តែធំ ក៏ដូចជាជំរុញការបញ្ចប់ការពិគ្រោះពិភាក្សាស្តីពី"ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង" ក្នុងពេលឆាប់ៗ៕