ប្រព័ន្ធសារព័ត៌មានបរទេស៖ភាពលេចធ្លោនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិនទាក់ទាញអ្នកអភិវឌ្ឍន៍នៅទូទាំងពិភពលោក

CRI, July 8, 2025
Size:

ចាប់ពីការបង្កើតកម្មវិធី DeepSeek ដល់ភាពពេញនិយមខ្លាំងនៃកម្មវិធី Manus នៅបរទេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិនបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាបន្តបន្ទាប់  ពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានសំខាន់ៗជាច្រើនរបស់បរទេសបានចុះផ្សាយបទអត្ថាធិប្បាយនិងព័ត៌មាន ដែលផ្តោតលើសមិទ្ធផលអភិវឌ្ឍន៍នៃវិស័យឧស្សាហកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីរបស់ចិន ដោយលើកឡើងថា “ការឡោមព័ទ្ធនិងគាបសង្កត់”របស់អាមេរិកមិនអាចទប់ស្កាត់និន្នាការស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ចិនបានទេ 

កាសែត The National របស់អេមីរ៉ាតអារ៉ាប់រួមបានចុះផ្សាយអត្ថបទថា សហរដ្ឋអាមេរិកបិទខ្ចប់បច្ចេកវិទ្យាចំពោះប្រទេសចិន វាគ្រាន់តែនឹងទទួលលទ្ធផលផ្ទុយវិញទេ ឧស្សាហកម្មបន្ទះឈីបនិងបញ្ញាសិប្បនិម្មិតរបស់ចិនបានបង្ហាញពីភាពធន់ដ៏គ្រប់គ្រាន់  របាយការណ៍ថ្មីបំផុតបានបង្ហាញថា ពិតមែនតែរងការរឹតត្បិតការនាំចេញបន្ទះឈីបនិងការដាក់កំហិតស្តីពីការរីកសាយភាយបញ្ញាសិប្បនិម្មិតពីសហរដ្ឋអាមេរិកក្តី ប៉ុន្តែចិននៅតែរីកចម្រើនទៅមុខយ៉ាងនឹងនរក្នុងវិស័យវត្ថុពាក់កណ្ដាលចម្លងដែលត្រូវគេចាត់ទុកថា បានដើរតួនាទីទ្រទ្រង់គន្លឹះចំពោះការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត 

កាសែតThe Wall Street Journal របស់អាមេរិកបានផ្សាយដំណឹងថា ម៉ូដែលធំនៃបញ្ញាសិប្បនិម្មិតរបស់ចិនទទួលបានភាពពេញនិយមខ្លាំងឡើងៗនៅទូទាំងពិភពលោក ដែលបានបំបែកភាពផ្តាច់មុខរបស់អាមេរិកក្នុងឧស្សាហកម្មបញ្ញាសិប្បនិម្មិតពិភពលោក និងប្រកួតប្រជែងជាមួយឧត្តមភាពផ្នែកបច្ចេកវិទ្យារបស់អាមេរិក  នៅតំបន់ជាច្រើន អ្នកប្រើប្រាស់ជាច្រើនបាននាំគ្នាជ្រើសរើសម៉ូដែលភាសាធំដែលដាក់ចេញដោយសហគ្រាសចិន ដើម្បីប្រើជំនួសផលិតផលអាមេរិកដូចជា ChatGPT ជាដើម