កាលពីថ្ងៃទី ៤ ខែកក្កដា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ២ ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន មីយ៉ាន់ម៉ា និងថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ បានប្រារព្ធឡើងនៅទីក្រុងណៃពិដោនៃប្រទេសមីយ៉ាន់ម៉ា។ ក្នុងកិច្ចប្រជុំនេះ ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំង ៣ បានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់របស់ស្ថាប័នគរបាល ហើយនឹងបន្តសហការគ្នាក្នុងការបង្រ្កាបបទល្មើសឆបោកតាមអនឡាញក្នុងឃុំ Myawaddy និងកន្លែងផ្សេងៗទៀត ដើម្បីលុបបំបាត់ទាំងស្រុងនូវទីតាំងឆបោកតាមអនឡាញ ចាប់ខ្លួនជនពាក់ព័ន្ធនឹងបទល្មើសឆបោក បង្ក្រាបបទល្មើសឆបោកដោយមានប្រសិទ្ធភាព និងការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសនានា។
គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំនេះមក ស្ថាប័នពាក់ព័ន្ធនៃប្រទេសចិន មីយ៉ាន់ម៉ា និងថៃ បានធ្វើការរួមគ្នាដើម្បីបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅក្នុងតំបន់ Myawaddy ដោយបានចាប់ខ្លួន និងធ្វើមាតុភូមិនិវត្តន៍ជនជាតិចិនជាង ៥៤០០ នាក់ដែលពាក់ព័ន្ធនឹងបទល្មើសឆបោក ហើយទទួលបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញ។