កាលពីថ្ងៃទី២៩ខែមិថុនា វេបសាយអឺរ៉ុប«Modern Diplomacy »បានចុះផ្សាយបទអត្ថាធិប្បាយដែលមានចំណងជើងថា«ការរួមសហការត្រីភាគី៖ អាស៊ាន ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនិងចិនបានឱ្យនិយមន័យថ្មីអំពីកិច្ចសហប្រតិបត្តិការសកល»។ អត្ថបទបានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការត្រីភាគីរវាងអាស៊ាន ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនិងចិនមានសារសំខាន់ណាស់ក្នុងការជំរុញការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោកនិងជំរុញការអភិវឌ្ឍនៃប្រទេសសកលខាងត្បូង ក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវ ប្រទេសចិនបានដើរតួនាទីដឹកនាំដ៏សំខាន់នៅក្នុងអភិបាលកិច្ចសកល។
អត្ថបទនេះសម្គាល់ឃើញថា ការប្រារព្ធធ្វើប្រកបដោយជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រលើកទីមួយ គឺជាខណៈពេលដ៏លេចធ្លោមួយក្នុងទំនាក់ទំនងការទូតពិភពលោក ដែលបានបង្កើតជាមូលដ្ឋានគ្រឹះនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្រីភាគីដែលមានងើបឡើងថ្មីរវាងតំបន់អាស៊ីអាគ្នេយ៍ តំបន់ឈូងសមុទ្រអារ៉ាប់និងប្រទេសចិន។ យន្តការសហប្រតិបត្តិការត្រីភាគីនេះមានទំហំសេដ្ឋកិច្ចសរុបប្រហែលមួយភាគបួននៃពិភពលោកទាំងមូល និងគ្របដណ្តប់ទីផ្សារដែលមានប្រជាជនជាង២១០០លាននាក់ ហើយត្រូវបានគេរំពឹងថានឹងបង្កើតនូវនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោកឡើងវិញ។
អត្ថបទនេះបានចង្អុលបង្ហាញបន្ថែមទៀតថា ប្រទេសចិនបានបង្ហាញយ៉ាងពេញលេញនូវរូបភាពនៃប្រទេសធំមួយដែលមានទំនួលខុសត្រូវ ហើយផ្តួចផ្តើមយ៉ាងមុតមាំនូវការតម្កល់ពហុភាគីនិយមនិងក្រមមូលដ្ឋានអន្តរជាតិជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ដែលបង្កើតជាការប្រៀបធៀបយ៉ាងច្បាស់ក្រឡែតជាមួយជនជាតិនិយម និងគាំពារនិយមដែលឃោសនាបំប៉ោងដោយរដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន។ ដូច្នេះ ចក្ខុវិស័យសហប្រតិបត្តិការអាស៊ាន-ចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រមិនត្រឹមតែបម្រើដល់គោលដៅសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីតួនាទីឈានមុខគេរបស់ប្រទេសចិនក្នុងអភិបាលកិច្ចសកលផងដែរ៕