ក្រសួងពាណិជ្ជកម្ម ក្រសួងឃោសនាការមជ្ឈិមបក្សកុម្មុយនិស្តចិន ក្រសួងវប្បធម៌ និងទេសចរណ៍ និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍នៃប្រទេសចិន បានចេញសេចក្តីប្រកាសមួយ ដើម្បីប្រកាសពីបញ្ជីឈ្មោះនៃសហគ្រាស និងគម្រោងនាំចេញវប្បធម៌ថ្នាក់ជាតិដ៏សំខាន់សម្រាប់ឆ្នាំ ២០២៥-២០២៦។ "សប្តាហ៍ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ" របស់ក្រុមហ៊ុនផលិតកម្មភាពយន្តជនជាតិយូណាន ត្រូវបានជ្រើសរើសជាគម្រោងនាំចេញវប្បធម៌ថ្នាក់ជាតិដ៏សំខាន់សម្រាប់ឆ្នាំ ២០២៥-២០២៦។
សប្តាហ៍ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមយន្តការសហប្រតិបត្តិការ ឡានឆាង-មេគង្គ សម្រាប់ប្រទេសទន្លេឡានឆាង-មេគង្គ ដែលជាវិធានការដ៏សំខាន់មួយសម្រាប់ការលើកកម្ពស់ "ការដើរចេញទៅក្រៅ" នៃវប្បធម៌ភាពយន្ត និងទូរទស្សន៍ចិន និងជំរុញខេត្តយូណានឱ្យក្លាយជាមជ្ឈមណ្ឌលជំរុញការអភិវឌ្ឍវប្បធម៌សម្រាប់ប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ ចាប់តាំងពីព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយជោគជ័យជាលើកដំបូងក្នុងខែធ្នូ ឆ្នាំ ២០១៦ មក វាត្រូវបានប្រារព្ធ ៦ លើកដោយជោគជ័យ ដែលបានដើរតួនាទីកាន់តែសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឧស្សាហកម្មភាពយន្ត និងការផ្លាស់ប្តូរវប្បធម៌ក្នុងតំបន់។ សប្តាហ៍ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ ដែលត្រូវបានរៀបចំ ៦ លើកនោះ បានទាក់ទាញស្ថាប័នភាពយន្ត និងទូរទស្សន៍ចំនួនជាង ១០០ ដែលមកពីប្រទេសចំនួន ៦ តាមបណ្តោយទន្លេឡានឆាង-មេគង្គ ព្រមទាំងប្រទេសហ្វីលីពីន សឹង្ហបុរី និងម៉ាឡេស៊ីជាដើម ហើយបានរៀបចំវេទិកាជំនាញចំនួនជាង ២០ និងបានណែនាំ និងចាក់បញ្ចាំងខ្សែភាពយន្តល្អៗចំនួនជាង ១២០ ព្រមទាំងបានទាក់ទាញទស្សនិកជនចំនួន ៧២ ពាន់នាក់ រៀបចំសកម្មភាពផ្សព្វផ្សាយគម្រោងភាពយន្ត និងទូរទស្សន៍ចំនួន ៦ និងសកម្មភាពទស្សនកិច្ចរួមគ្នាចំនួន ៥ រួមគ្នាថតភាពយន្តចំនួន ៨ និងបានធ្វើការផ្លាស់ប្តូរអំពីកម្មសិទ្ធិផលិតកម្មលើភាពយន្តចំនួនជាង ១០ ។
ក្រុមហ៊ុនផលិតកម្មភាពយន្តជនជាតិយូណាននឹងសហការជាមួយក្រុមហ៊ុនភាពយន្ត និងទូរទស្សន៍ និងវេទិកាប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីល្បាញលើពិភពលោក ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយជាសកលនូវរឿងរ៉ាវ "ឡានឆាង-មេគង្គ" ហើយជំរុញឱ្យសប្តាហ៍ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ ក្លាយទៅជាម៉ាកសញ្ញាដ៏ល្បីល្បាញសម្រាប់ការផ្លាស់ប្តូរវប្បធម៌ភាពយន្តអន្តរជាតិ ដោយចាក់បញ្ចូលនូវកម្លាំងចលករដ៏ខ្លាំងក្លាទៅក្នុង "ការដើរចេញទៅក្រៅ" នៃវប្បធម៌ចិន តាមរយៈផលិតកម្មដែលមានគុណភាពខ្ពស់ ព្រមទាំងលើកកម្ពស់ឥទ្ធិពលនៃវប្បធម៌ចិនលើទីផ្សារភាពយន្ត និងទូរទស្សន៍អន្តរជាតិ។