រសៀលថ្ងៃទី១៧ ខែមិថុនា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទី២បានបើកធ្វើនៅក្រុងAstana។លោកKassym-Jomart Tokayevប្រធានាធិបតីកាហ្សាក់ស្ថានជាអ្នកសម្របសម្រួលកិច្ចប្រជុំ។លោកXi Jinpingប្រធានរដ្ឋចិន លោក Sadyr Nurgozhoevich Japarovប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោកEmomali Rahmonប្រធានាធិបតីតាជីគីស្ថាន លោកSerdar Gurbangulyevich Berdimuhamedovប្រធានាធិបតីតូមិននីស្ថាននិងលោកShavkat Miromonovich Mirziyoyevប្រធានាធិបតីអ៊ូសបេគីស្ថានបានអញ្ជើញចូលរួម។ប្រមុខរដ្ឋនៃប្រទេសនានាបានរំលឹកឡើងវិញនូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសចិន-អាស៊ីកណ្តាលចាប់តាំងពីកិច្ចប្រជុំកំពូលក្រុងXi’anមក ព្រមទាំងរំពឹងទុកពីទិសដៅអភិវឌ្ឍន៍នាពេលអនាគត និងបានសម្រេចកិច្ចជាឯកច្ឆន្ទពីផ្សព្វផ្សាយ “ស្មារតីចិន-អាស៊ីកណ្តាល” ប្រកាន់ខ្ជាប់ភាពសុខដុមរមនាជាមួយជាអ្នកជិតខាងជាប់ជានិច្ច និងចាប់ដៃគ្នាដើម្បីជំរុញឱ្យការកសាងសហគមន៍រួមវាសនាចិន-អាស៊ីកណ្តាលទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់។
លោកXi Jinping បានថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា «ផ្សព្វផ្សាយ “ស្មារតីចិន-អាស៊ីកណ្តាល” ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់»។លោកXi Jinpingបានលើកឡើងថា ការអនុវត្តជាក់ស្តែងអស់កាលជាយូរមកបង្ហាញថា យើងបានស្វែងរកនិងបង្កើតជា “ស្មារតីចិន-អាស៊ីកណ្តាល”ដែលប្រកបដោយការគោរពគ្នាទៅវិញទៅមក មានទំនុកចិត្តចំពោះគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជួយគ្នាទៅវិញទៅមក និងជំរុញទំនើបកម្មរួមតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។“ស្មារតីចិន-អាស៊ីកណ្តាល”បានផ្តល់ជាំគោលការណ៍ណែនាំសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការមិត្តភាពគ្រប់ជំនាន់ យើងត្រូវតែប្រកាន់ខ្ជាប់ជានិច្ច ហើយផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕