"ទីផ្សាររបស់ចិនពោរពេញទៅដោយកាលានុវត្តភាព អ្នកចាំបាច់ត្រូវរួមដំណើរស្របជាមួយការអភិវឌ្ឍដោយល្បឿនលឿនរបស់ចិន!នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៥នៃវេទិកា CBD ក្រុងប៉េកាំងដែលបិទបញ្ចប់នៅថ្ងៃទី ១៣ ខែមិថុនា លោក John Mclean ទីប្រឹក្សាជើងចាស់នៃសភាពាណិជ្ជកម្មចិននៅអង់គ្លេសនិងជាប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ពាណិជ្ជកម្មអង់គ្លេស-ចិនបានថ្លែងដូចពោលខាងលើនេះ ។លោក John Mclean សម្គាល់ឃើញថា ក្នុងបរិបទបច្ចុប្បន្នដែលពិភពលោកទាំងមូលពោរពេញដោយភាពរង្គោះរង្គើនិងភាពមិនប្រាកដប្រជា សក្តានុពលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងបរិយាកាសបើកទូលាយនិងមេត្រីភាពរបស់ចិនបាននាំមកនូវឱកាសសម្រាប់សហគ្រាសអង់គ្លេសនិងពិភពលោក ។ ចាប់តាំងពីបានបង្កើតឡើងនាឆ្នាំ ២០០០ រហូតដល់បច្ចុប្បន្ននេះ វេទិកា CBD ក្រុងប៉េកាំងបានក្លាយជាសមរភូមិជួរមុខសម្រាប់ឱ្យប្រទេសចិនចូលរួមក្នុងកិច្ចសន្ទនាជាមួយពិភពលោក ។ ក្នុងរយៈពេល ៣ ថ្ងៃកន្លងទៅនេះ អង្គប្រជុំបានធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជុំវិញប្រធានបទ"ធ្វើកិច្ចសន្ទនាជាមួយពិភពលោកនិងរួមគ្នាស្វែងរកការអភិវឌ្ឍ"ដើម្បីពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ។ ក្នុងចំណោមនោះ តើត្រូវរួមគ្នាចែករំលែកឱកាសអភិវឌ្ឍន៍របស់ប្រទេសចិនតាមរបៀបណា?បានក្លាយជាចំណុចក្តៅដែលទទួលបានការយកចិត្តទុកដាក់ពីបណ្តាភាគីនានា ។ អ៊ីចឹង ហេតុអ្វីជាប្រទេសចិន ? ពីព្រោះថា"ទីនេះមានទីផ្សារទ្រង់ទ្រាយធំ" "ការគាំទ្ររបស់រដ្ឋាភិបាលចំពោះពាណិជ្ជកម្មធ្វើឱ្យយើងពោរពេញទៅដោយជំនឿចិត្ត" "សមត្ថភាពច្នៃប្រឌិតថ្មីរបស់ប្រទេសចិនឈរនៅលំដាប់កំពូលលើទូទាំងពិភពលោក" ។ល។ ក្នុងអំឡុងពេលរៀបចំធ្វើវេទិកានេះ ភ្ញៀវកិត្តិយសជាច្រើនរូបបានលើកឡើងថា សេដ្ឋកិច្ចរបស់ចិនមិនត្រឹមតែមានភាពធន់ដ៏ខ្លាំងក្លាប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កប់នូវសក្តានុពលអភិវឌ្ឍន៍ថ្មីផងដែរ ។ជាពិសេសគឺរដ្ឋាភិបាលចិនបានពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ដែលបានបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍនៃសហគ្រាសបរទេសនៅប្រទេសចិន ។ លោក Rani Tarek Jarkas ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនCedrus របស់ប្រទេសស្វ៊ីសបានថ្លែងថា ក្រុមហ៊ុនរបស់ពួកគេបានធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិនអស់រយៈពេល ១៣ ឆ្នាំមកហើយ បច្ចុប្បន្ននេះបានបង្កើតទីស្នាក់ការទូទៅប្រចាំអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងប៉េកាំង ដោយសារសមត្ថភាពច្នៃប្រឌិតថ្មីឈានមុខគេរបស់ប្រទេសចិន ។ ក្រៅពី"ការច្នៃប្រឌិតថ្មី" "ភាពបៃតង"ក៏ជាប្រធានបទដែលអង្គប្រជុំពិភាក្សាគ្នាយ៉ាងសកម្មក្នុងវេទិកាលើកនេះផងដែរ ។ នៅក្នុងពិធីបើកវេទិកា តំណាងគ្រប់ភាគីបានរួមគ្នាលើកឡើងគំនិតផ្តួចផ្តើមប្រតិបត្តិការស្តីពីការ"ពួតដៃគ្នាកសាងពិភពលោកដែលមានភាពស្រស់ស្អាតនិងនិរន្តរភាព" នេះគឺមកពីការរួមចំណែកដ៏ធំធេងនិងកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តរបស់ប្រទេសចិនក្នុងវិស័យធ្វើបរិវត្តកម្មភាពបៃតងនិងកាបូនទាប ។ ទិន្នន័យបានបង្ហាញថា បច្ចុប្បន្ននេះ ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការធ្លាក់ចុះលឿនបំផុតនៃកម្រិតប្រើប្រាស់ថាមពលនិងការកែលម្អគុណភាពខ្យល់អាកាសច្បាស់លាស់បំផុតនៅទូទាំងពលពិភពលោកដែលបានរួមចំណែកជាទំហំបៃតងថ្មីមួយភាគបួនដល់ពិភពលោក ។ វាបានបង្កើតប្រព័ន្ធថាមពលកកើតឡើងវិញដ៏ធំបំផុតនិងអភិឌ្ឍយ៉ាងឆាប់រហ័សបំផុតនៅលើពិភពលោក ហើយបានបង្កើតខ្សែសង្វាក់ឧស្សាហកម្មថាមពលថ្មីដ៏ធំបំផុតនិងពេញលេញបំផុតនៅលើពិភពលោកទៀតផង ។ នាពេលបច្ចុប្បន្ននេះ កិច្ចប្រជុំលើកដំបូងនៃយន្តការពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកទទួលបានការវិវឌ្ឍរីកចម្រើនថ្មីដែលបានបំពេញបន្ថែមនូវកម្លាំងវិជ្ជមានសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសកល ។ ប៉ុន្តែបរិយាកាសអន្តរជាតិនៅតែមានភាពស្មុគស្មាញនិងតានតឹងដដែល ហើយមានកត្តាមិនប្រាកដប្រជានិងអស្ថិរភាពច្រើនបង្គួរ ។ មិនខ្លាចព្យុះភ្លៀងនិងបញ្ហាប្រឈម ជានិច្ចកាល ប្រទេសចិនតែងតែធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អយ៉ាងមុតមាំមិនងាករេ ក៏ដូចជាបន្តពង្រីកការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ផងដែរ ។ ពិភពលោកអាចជឿជាក់ថា ការវិនិយោគទុននៅចិន ក៏មុខជានឹងទទួលបានជោគជ័យនៅចិនជាក់ជាមិនខាន ៕