ខេត្តយូណានចាត់វិធានការគោលនយោបាយ "ការលើកលែង ៣ និងភាពងាយស្រួល ៣" សម្រាប់ប្រទេសទន្លេមេគង្គទាំង ៥

lmcchina.org, June 9, 2025
Size:

ខេត្តយូណានបានចាត់វិធានការគោលនយោបាយ "ការលើកលែង ៣ និងភាពងាយស្រួល ៣" សម្រាប់ប្រទេសទន្លេមេគង្គទាំង ៥ គឺ ឃ្លាំងស្តុកទំនិញរួចពន្ធដែលមានទំហំមួយម៉ឺនម៉ែត្រការ៉េ ពន្លាតាំងពិព័រណ៍ជាក់ស្តែងដោយឥតគិតថ្លៃដែលមានទំហំមួយម៉ឺនម៉ែត្រការ៉េ និងការចូលផ្សារពាណិជ្ជកម្មអនឡាញដោយឥតគិតថ្លៃ ព្រមទាំងការផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញតាមទីផ្សារ ការបំពេញបែបបទឆ្លងព្រំដែនសម្រាប់កសិផលស្រស់ និងងាយខូច និងការដឹកជញ្ជូនតាមរថភ្លើងដឹកទំនិញអន្តរជាតិ "ខ្សែដឹកជញ្ជូនរហ័ស ឡានឆាង-មេគង្គ+" នៃរថភ្លើងចិន-ឡាវ ហើយបានដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយនូវទិដ្ឋាការឡានឆាង-មេគង្គ និងការចូលព្រំដែនចិនតាមច្រកអន្តរជាតិនៅស៊ីសាំងប៉ានណាដោយគ្មានទិដ្ឋាការសម្រាប់ក្រុមទេសចរណ៍ប្រទេសអាស៊ានជាដើម។

ឯកឧត្តម លីវ យ៉ុង អភិបាលរងខេត្តយូណាន បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាននៃការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិន កាលពីថ្ងៃទី ៦ ខែមិថុនាថា ទំហំពាណិជ្ជកម្មរវាងខេត្តយូណាន និងបណ្តាប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍បានមានទំហំលើសពី ១០០ ពាន់លានយាន់ក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា ដែលបានជំរុញការអភិវឌ្ឍរួមក្នុងតំបន់ដោយមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានមានប្រសាសន៍ថា យូណានបានយក "ការតភ្ជាប់រឹង" នៃហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីបង្កើតជាគំរូនៃការអភិវឌ្ឍរួមគ្នាតាមបណ្តោយផ្លូវរថភ្លើងចិន-ឡាវ។ រថភ្លើងដឹកទំនិញអន្តរជាតិ "ក្វាងតុង-យូណាន៖ ឡានឆាង-មេគង្គ" និង "ប៉េកាំង-យូណាន៖ ឡានឆាង-មេគង្គ" និងរថភ្លើងដឹកជញ្ជូនបែបចម្រុះ គុនមីង-រ៉ាណុងប្រទេសថៃ ត្រូវបានដាក់ឱ្យដំណើរការ ហើយរថភ្លើងទេសចរណ៍ឆ្លងកាត់ព្រំដែនដំបូងរបស់ប្រទេសចិនក៏ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការដែរ។ បណ្តាញដឹកជញ្ជូននៃផ្លូវរថភ្លើងចិន-ឡាវគ្របដណ្តប់លើខេត្តចំនួន ៣១ (តំបន់ស្វយ័ត និងក្រុងស្វយ័ត) និងប្រទេស ឬតំបន់ចំនួន ១៩ រួមមានប្រទេសឡាវ វៀតណាម ថៃ និងសឹង្ហបុរីជាដើម ដែលបានដឹកជញ្ជូនទំនិញជាង ៣០០០ ប្រភេទ។ ផ្លូវរថភ្លើងចិន-ឡាវបានដឹកអ្នកដំណើរជាង ៥៣ លាននាក់ និងទំនិញជាង ៦០ លានតោន ដែលបានជំរុញការតភ្ជាប់គ្នាក្នុងតំបន់។

លើសពីនេះ ខេត្តយូណានបានអនុវត្តគម្រោងសម្រាប់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលត្រូវបានហៅថា "គម្រោងតូច តែមានសម្រស់ដ៏ស្រស់ស្អាត" ហើយបានសាងសង់ "សាលារៀនតាមខ្លោងទ្វារប្រទេស" និង "មន្ទីរពេទ្យតាមខ្លោងទ្វារប្រទេស" និងបានជួយពិនិត្យសុខភាពបេះដូងឱ្យកុមារាកុមារីជិតមួយម៉ឺននាក់នៅក្នុងប្រទេសឡាវ នេប៉ាល់ បង់ក្លាដែស និងប្រទេសផ្សេងៗទៀត។ ខេត្តយូណានបានរៀបចំសកម្មភាពអបអរសាទរពិធីបុណ្យសម្រាប់អ្នកស្រុកតាមព្រំដែនចិន-វៀតណាម ចិន-ឡាវ និងចិន-មីយ៉ាន់ម៉ា ដែលបានពង្រឹងចំណងមិត្តភាពរវាងប្រទេសចិន និងប្រទេសជិតខាង។