លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបសន្ទនាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

CRI, May 30, 2025
Size:

ព្រឹកថ្ងៃទី ២៧ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនៅក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។

ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានលើកឡើងថា នៅពេលមុននេះមិនជាយូរប៉ុន្មាន លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅកម្ពុជា ហើយរួមជាមួយសម្តេចធិបតីប្រកាសពីការបង្កើតសហគមន៍រួមវាសនាចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ទំនាក់ទំនងរវាងចិននិងកម្ពុជាបានដើរនៅជួរមុខម្តងទៀតសម្រាប់ការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ។ ភាគីចិនមានឆន្ទៈធ្វើការជាមួយកម្ពុជា អនុវត្តជាក់ស្តែងនូវសមិទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនលោក Xi Jinping នៅកម្ពុជា ធ្វើឱ្យការប្រាស្រ័យទាក់ទងជាន់ខ្ពស់មានភាពកាន់តែជិតស្និទ្ធ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តនយោបាយទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការប្រាកដប្រជាលើគ្រប់វិស័យ ព្រមទាំងយកភាពប្រាកដប្រជានៃការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាមកឆ្លើយតបនឹងភាពមិនប្រាកដប្រជានៃបរិយាកាសខាងក្រៅ ក៏ដូចជាពួតដៃគ្នាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដើម្បីគាំពារផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាគីកម្ពុជាមានឆន្ទៈពួតដៃគ្នាជាមួយភាគីចិនដើម្បីអនុវត្តជាក់ស្តែងនូវសមិទ្ធផលក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនលោក Xi Jinping រក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ដើរតួនាទីនៃយន្តការសន្ទនាគ្រប់បែបយ៉ាង ក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការប្រាកដប្រជា បង្កើនការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន៕