(ភ្នំពេញ)៖ អគ្គនាយកបណ្តាញព័ត៌មាន Fresh News លោក លឹម ជាវុត្ថា នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ ប្រកាសដាក់ដំណើរការឲ្យប្រើប្រាស់ Fresh AI ដែលជាកម្មវិធី AI ព័ត៌មានដ៏ឆ្លាតវៃ ភាសាខ្មែរដំបូងគេបង្អស់នៅប្រទេសកម្ពុជា ជាមួយទិន្នន័យយ៉ាងច្រើនអនេក ទាំងព័ត៌មានជាតិ និងអន្តរជាតិជុំវិញពិភពលោក។
កម្មវិធីឆ្លាតវៃ Fresh AI អនុញ្ញាតឲ្យលោកអ្នកអាចចុចសួរអ្វីៗពាក់ព័ន្ធព័ត៌មាន ឬដំណឹង ដែលកើតឡើងនៅកម្ពុជា និងជុំវិញពិភពលោក ជាមួយទិន្នន័យផ្ទាល់ខ្លួនជាង៤០០លានពាក្យ (400,000,000) ស្មើជាង៥០ម៉ឺនអត្តបទ (500,000 Articles) ដែលរក្សាទុករយៈពេលប្រមាណ១១ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ ដល់ ២០២៥ និងបន្ថែមបញ្ចូលជារៀងរាល់ថ្ងៃ ធ្វើឲ្យព័ត៌មានកាន់តែច្រើនឡើង និងកាន់តែឆ្លាតវៃ។
Fresh AI ឆ្លើយព័ត៌មានយ៉ាងឆាប់រហ័សដោយ «សង្ខេបព័ត៌មានយ៉ាងខ្លីសមរម្យ និងបង្ហាញលទ្ធផលស្វែងរកជាច្រើនអត្ថបទ» !
លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News និងបណ្តាញទំនាក់ទំនង CoolApp បានឲ្យដឹងថា «Fresh AI គឺកម្មវិធី Chatbot សួរឆ្លើយពាក់ព័ន្ធព័ត៌មានតែប៉ុណ្ណោះ គឺជាកម្មវិធី AI ព័ត៌មានដំបូងគេនៅកម្ពុជា ហើយគឺជាសមិទ្ធិផលថ្មីមួយទៀត ដែលបង្កើតដោយក្រុមការងារបច្ចេកទេស កូនខ្មែររបស់យើង។ វាជាមោទនភាពរបស់ប្រទេសខ្មែរយើងមានដែលកម្មវិធី AI ព័ត៌មាន។ យើងនឹងបន្តបញ្ចូលព័ត៌មានថែមជារៀងរាល់ ដើម្បីធ្វើឲ្យការសួរ និងការឆ្លើយកាន់តែឆ្លាតវៃ។ យើងដាក់ឲ្យសាកល្បងជំហានដំបូងសិន នឹងបន្តកែសម្រួលអភិវឌ្ឍន៍បន្តបន្ទាប់ទៀត។ នៅពេលនេះ Fresh AI ចេញត្រឹមគេហទំព័រសិន ជំហានបន្ទាប់នឹងចេញជា Mobile App លើទូរស័ព្ទក្នុងពេលឆាប់ៗ។
សូមអាន៖ https://fna.asia/8a6df73
ដើម្បីប្រើ៖ https://ai.freshnews.com.kh