“ដំណើរនៅប្រទេសចិនរបស់អ្នកនិពន្ធវ័យក្មេងអាស៊ានលើកទីពីរ”បានចាប់ដំណើរការនៅក្រុង Nanning ភូមិភាគស្វយ័ត Guangxi

CRI, May 28, 2025
Size:

ថ្ងៃទី២៤ខែឧសភា  “ដំណើរនៅប្រទេសចិនរបស់អ្នកនិពន្ធវ័យក្មេងអាស៊ានលើកទីពីរ”ដែលសហការរៀបចំដោយការិយាល័យទំនាក់ទំនងអន្តរជាតិនៃសមាគមអ្នកនិពន្ធរបស់ចិន សមាគមអ្នកនិពន្ធនៃភូមិភាគស្វយ័ត Guangxi និងសមាគមអ្នកនិពន្ធនៃខេត្ត Guangdong បានចាប់ដំណើរការនៅក្រុង Nanning ភូមិភាគស្វយ័ត Guangxi  អ្នកនិពន្ធ កវីនិងអ្នកបកប្រែចំនួន៤៦រូបដែលមកពីប្រទេសអាស៊ាន៩និងតំបន់នានានៃប្រទេសចិនដូចជា ក្រុងប៉េកាំង ក្រុងសៀងហៃ ខេត្ត Qinghai ខេត្ត Jilin ខេត្ត Guangdong និងភូមិភាគស្វយ័ត Guangxi ជាដើមបានចូលរួមសកម្មភាពនេះ 

បន្ទាប់ពីពិធីចាប់ដំណើរការបានរៀបចំពិធីសំណេះសំណាលរវាងអ្នកនិពន្ធវ័យក្មេងចិន-អាស៊ាន  លោក U Ohn Maung ប្រធានសមាគមអ្នកនិពន្ធរបស់មីយ៉ាន់ម៉ា លោក  ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ លោក Zeng Pan និពន្ធនាយករងនៃទស្សនាវដ្តី Southern Cultural Forumនិងលោក Ong Jing Heng និពន្ធប្រតិបត្តិនៃទស្សនាវដ្តី អក្សរសាស្ត្រចិនរបស់ម៉ាឡេស៊ីជាដើមបានថ្លែងសុន្ទរកថាជាបន្តបន្ទាប់ 

លោក  ព្រឿង ប្រណីតបានថ្លែងថា ពិតមែនតែយើងមានភាសាខុសគ្នា ហើយប្រពៃណីវប្បធម៌និងទំនៀមទម្លាប់ជីវភាពរស់នៅមានភាពស្រដៀងគ្នាឬក៏មានភាពខុសគ្នាក៏ដោយ ក៏ប៉ុន្តែយើងមានបំណងរួមមួយគឺ រំពឹងទុកថា អាចឃើញពិភពលោកមួយដែលប្រកបដោយសន្តិភាព វិបុលភាពនិងក្តីសប្បាយរីករាយ  យើងជឿជាក់ថា អក្សររបស់យើងអាចកែប្រែពិភពលោកបន្ដិចម្តងៗ