ការប្រកួតរត់ម៉ារ៉ាតុងនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ឆ្នាំ ២០២៥ ចាប់ផ្តើមជាផ្លូវការ

lmcchina.org, May 27, 2025
Size:

នៅថ្ងៃទី ១៨ ខែឧសភា ការប្រកួតរត់ម៉ារ៉ាតុងនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ឆ្នាំ ២០២៥ បានចាប់ផ្តើមជាផ្លូវការនៅតាមមាត់បឹងអឺហៃ ក្នុងមណ្ឌលស្វយ័តជនជាតិប៉ៃ ខេត្តយូណាន។ កីឡាករកីឡាការិនី និងអ្នកចូលចិត្តរត់ម៉ារ៉ាតុងជាង ២ ម៉ឺននាក់ដែលមកពីប្រទេស និងតំបន់ចំនួន ២០ បានចូលរួមក្នុងការប្រកួតនេះ។

គួរបញ្ជាក់ថា ភ្ញៀវកិត្តិយសមកពីប្រទេសនានា រួមមានឯកអគ្គរដ្ឋទូតប្រទេសមីយ៉ាន់ម៉ាប្រចាំប្រទេសចិន មន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជា ឡាវ ថៃ និងវៀតណាមប្រចាំទីក្រុងគុនមីង បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ការប្រកួតនេះបែងចែកជាក្រុមចំនួន ៥ គឺ ការរត់ម៉ារ៉ាតុង ការរត់ម៉ារ៉ាតុងពាក់កណ្តាល ការរត់គូស្នេហ៍ ការរត់នៃភាពសប្បាយរីករាយ និងការរត់ឪពុកម្តាយនិងកូន។ ក្រៅពីប្រទេសសហប្រតិបត្តិការឡានឆាង-មេគង្គទាំង ៦ ការប្រកួតនេះបានទាក់ទាញអ្នកចូលរួមមកពីប្រទេសជាច្រើនដូចជា អូស្ត្រាលី ប្រេស៊ីល បារាំង ហូឡង់ កាណាដា សហរដ្ឋអាមេរិក និងម៉ាឡេស៊ីជាដើម។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតកីឡាមួយប៉ុណ្ណោះទេ ថែមទាំងជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសទន្លេឡានឆាង-មេគង្គពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការតភក្ជាប់បេះដូងប្រជាជនទៀតផង។

បន្ទាប់ពីការប្រកួតប្រជែង កីឡាករមកពីប្រទេសកេនយ៉ា ៣ រូប បានជាប់ចំណាត់ថ្នាក់ទី ១ ដល់ទី ៣ ក្នុងការប្រកួតរត់ម៉ារ៉ាតុងផ្នែកបុរស។ កីឡាការិនីអេត្យូពីដណ្តើមបានជើងឯកនៃការប្រកួតម៉ារ៉ាតុងផ្នែកនារី ហើយកីឡាករកីឡាការិនីចិនដណ្តើមបានជើងឯកនៃការប្រកួតរត់ម៉ារ៉ាតុងពាក់កណ្ដាលផ្នែកបុរស និងនារី។

បន្ទាប់ពីការរៀបចំយ៉ាងយកចិត្តទុកដាក់អស់ពេលជាច្រើនឆ្នាំ ការប្រកួតរត់ម៉ារ៉ាតុងនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ បានក្លាយជាព្រឹត្តិការណ៍ដ៏ធំ និងសំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការពង្រឹងចំណងមិត្តភាព។ អ្នកចូលរួមទាំងអស់គ្នាបានយកបទពិសោធន៍អំពីភាពទាក់ទាញនៃទីក្រុងបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំ និងទេសភាពដ៏ស្រស់ស្អាតនៃបឹងអឺហៃ តាមរយៈការចូលរួមការប្រកួតកីឡាលើទឹកដីដែលពោរពេញទៅដោយភាពទាក់ទាញនេះ។