ពេលផ្តល់បទសម្ភាសន៍ផ្តាច់មុខនាពេលថ្មីៗកន្លងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ក្រោមស្ថានការណ៍អន្តរជាតិដែចេះតែប្រប្រួល កម្ពុជា និងចិនគួរតែធ្វើការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនៃពិភពលោកនាពេលបច្ចុប្បន្ន ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីបន្តទទួលបានវឌ្ឍនភាពថ្មី ។
សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា ប្រទេសចិនបានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់បំផុតរបស់កម្ពុជា ។ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជានិង《កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់》បានចូលជាធរមាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានសន្ទុះខ្លាំងឡើង ។ ផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារចិនកាន់តែប្រសើរ ការនាំចេញទៅកាន់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ។ បរិយាកាសពាណិជ្ជកម្មអំណោយផលដែលបង្កើតដោយកិច្ចព្រមព្រៀងនេះក៏ជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាផងដែរដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញអន្តរជាតិ ។
សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងទៀតថា ការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិនបានឈានចូលយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់ ។ ដើម្បីពង្រឹងបន្ថែមទៀតនូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរ កម្ពុជានិងចិនគួរតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តគោលបំណងនិងគោលដៅនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ "ត្បូងពេជ្រឆកោន " នៅលើវិស័យសំខាន់ៗចំនួនប្រាំមួយគឺ នយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងវប្បធមមនុស្ស ៕