កាលពីថ្ងៃទី ២៤ ដល់ទី ២៥ ខែមេសា ឆ្នាំ ២០២៥ កម្មវិធី "សប្តាហ៍ឡានឆាង-មេគង្គ" អំពីធនធានទឹក ឆ្នាំ ២០២៥ បានប្រារព្ធឡើងដោយជោគជ័យនៅក្នុងតំបន់ថ្មី ស្យូងអាន ខេត្តហ៊ឺប៉េ។ អ្នកតំណាងប្រមាណ ៥០ នាក់ដែលមកពីក្រសួងការបរទេសចិន ក្រសួងធារាសាស្ត្រចិន ស្ថានទូតប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមប្រចាំប្រទេសចិន ព្រមទាំងអ្នកតំណាងមកពីស្ថាប័នពាក់ព័ន្ធដែលចូលរួមកិច្ចសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ និងប្រព័ន្ធផ្សព្វផ្សាយ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ព្រឹត្តិការណ៍ "សប្តាហ៍ឡានឆាង-មេគង្គ" អំពីធនធានទឹកនេះ មានគោលបំណងអនុវត្តឱ្យបានស៊ីជម្រៅនូវស្មារតីនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ៤ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ៩ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ចែករំលែកវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ និងផ្លាស់ប្តូរគ្នាអំពីទិសដៅអភិវឌ្ឍន៍នាពេលខាងមុខ ហើយរួមគ្នាស្វែងរកកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ ២,០ និងជំរុញកិច្ចសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គឱ្យឈានដំណើរទៅមុខឥតឈប់ឈរ។
នៅពេលធ្វើការផ្លាស់ប្តូរគ្នា មន្ត្រីការទូតនៃប្រទេសទាំង ៥ បានបញ្ចេញមតិរួមថា កិច្ចសហប្រតិបត្តិការធនធានទឹកគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ឡានឆាង-មេគង្គ។ យន្តការកិច្ចសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ បានក្លាយជាមធ្យោបាយដ៏សំខាន់សម្រាប់ជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹករវាងប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦។ ប្រទេសទាំង ៥ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ ហើយសង្ឃឹមថានឹងរៀនសូត្រពីទស្សនទាន និងបទពិសោធន៍នៃការគ្រប់គ្រងធនធានទឹករបស់ភាគីចិន ហើយរួមសហការជាមួយប្រទេសចិន ដើម្បីជំរុញមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ ឱ្យដើរតួនាទីជាវេទិកាចម្រុះ អនុវត្តឱ្យបានជោគជ័យតាម"ផែនការសកម្មភាពរយៈពេល ៥ ឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ (២០២៣-២០២៧)" បង្កើនការសន្ទនា និងការផ្លាស់ប្តូរបច្ចេកទេស ជំរុញការបណ្តុះបណ្តាលធនធានមនុស្ស និងការចែករំលែកព័ត៌មាន ព្រមទាំងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគម្រោងជាក់ស្តែង និងខិតខំពង្រឹងសមត្ថភាពនៃការគ្រប់គ្រងធនធានទឹកក្នុងតំបន់ ដើម្បីរួមចំណែកថ្មីក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ទន្លេឡានឆាង-មេគង្គ។
អ្នកតំណាងទៅសិក្សាស្វែងយល់អំពីការងារគ្រប់គ្រង និងការពារធនធានទឹក ប៉ៃយ៉ាងទាន
អ្នកតំណាងទៅសិក្សាស្វែងយល់អំពីការសម្អាតទឹក
អ្នកតំណាងធ្វើការផ្លាស់ប្តូរ និងពិភាក្សាគ្នា