ពេលថ្មីៗនេះ ដំណើរសប្បុរសធម៌យុវជនឡានឆាង-មេគង្គ បានប្រារព្ធធ្វើឡើងនៅទីក្រុងក្វាងចូវ ក្រោមប្រធានបទ "Let's GO, GZ! ទីក្រុងក្វាងចូវដែលប្រកបដោយភាពទាក់ទាញ"។ គ្រូបង្រៀន និងសិស្សនិស្សិតវ័យក្មេងជិត ៤០ នាក់ដែលមកពីប្រទេសឡាវ ថៃ វៀតណាម និងបណ្តាប្រទេសផ្សេងៗទៀត បានទៅទស្សនាសារមន្ទីរ ស៊ឺសានហាង ក្រុងក្វាងចូវ មជ្ឈមណ្ឌលសិល្បៈឈូងសមុទ្រធំ ប៉ៃអឺថាន ជាដើម ដែលបានបង្កើនការយល់ដឹង និងការទទួលស្គាល់អំពីវប្បធម៌ក្រុងក្វាងចូវ។
និស្សិតវៀតណាមឈ្មោះ Pham Viet Anh ដែលមកពីសាកលវិទ្យាល័យភាសាបរទេស និងពាណិជ្ជកម្មអន្តរជាតិ ក្វាងតុង បាននិយាយថា គ្រប់កន្លែងដែលយើងបានទៅទស្សនានៅថ្ងៃនេះ ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ជាពិសេស យើងបានយល់ដឹងពីវត្ថុបុរាណ និងរឿងរ៉ាវពាក់ព័ន្ធនៅពីក្រោយវត្ថុបុរាណទាំងនោះ ដែលសុទ្ធតែជារឿងដែលខ្ញុំមិនធ្លាប់ឃើញនៅក្នុងសៀវភៅ។ ការរៀនភាសាចិនមិនមែនគ្រាន់តែជាការរៀនទម្រង់ប្រយោគ និងការនិយាយគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានការយល់ដឹងរបស់យើងអំពីប្រទេសចិន និងក្រុងក្វាងចូវ ដែលជាទីកន្លែងដែលយើងកំពុងរស់នៅផងដែរ។
អំឡុងថ្ងៃទី ១៧ ដល់ ២៣ ខែមីនា ឆ្នាំនេះ គឺជា "សប្តាហ៍ឡានឆាង-មេគង្គ"ទី ៨។ ក្នុងចំណោមយុវជនប្រទេសឡានឆាង-មេគង្គ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ មាននិស្សិតឡាវដែលសិក្សាបច្ចេកវិទ្យាផ្លូវដែកនៅក្រុងក្វាងចូវដើម្បីចូលរួមសាងសង់ផ្លូវរថភ្លើង ចិន-ឡាវ ហើយក៏មាននិស្សិតវៀតណាមដែលមកសិក្សាភាសាចិនអន្តរជាតិ ហើយសង្ឃឹមថានឹងត្រឡប់ទៅប្រទេសរបស់ខ្លួនវិញដើម្បីបង្រៀនភាសា និងវប្បធម៌ចិន។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងដើម្បីជួយនិស្សិតបរទេសដែលបន្តការសិក្សានៅក្នុងប្រទេសចិនឱ្យមានការយល់ដឹងកាន់តែច្រើនអំពីវប្បធម៌ក្រុងក្វាងចូវ រស់នៅបានកាន់តែល្អប្រសើរនៅក្រុងក្វាងចូវ និងកសាងស្ពានសម្រាប់ចាក់បញ្ចូលនូវកម្លាំងចលករថ្មីក្នុងការពង្រឹងចំណងមិត្តភាព និងជំរុញការផ្លាស់ប្តូរវប្បធម៌ក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។