សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រកម្ពុជាស្តីពីការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី
តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក Xi Jinping ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេ លោកប្រធានរដ្ឋចិន Xi Jinping បានចូលគាល់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីនិងសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជននិងជាប្រធានព្រឹទ្ធសភាកម្ពុជានិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដោយឡែកពីគ្នា ។
ប្រឈមនឹងបម្រែបម្រួលនៃពិភពលោក បម្រែបម្រួលនៃយុគសម័យនិងបម្រែបម្រួលនៃប្រវត្តិសាស្រ្ត ភាគីទាំងពីរបានឯកភាពគ្នាពន្លឿនការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាល ចាត់ទុកការអនុវត្តគំនិតឯកភាពរួមជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជាការណែនាំនិងចាត់ទុកការអនុវត្តជាក់ស្តែងនូវគម្រោងសហប្រតិបត្តិការថ្មីនៃការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាជាការងារសំខាន់ បន្តធ្វើឱ្យក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ"ត្បូងពេជ្រ"រវាងចិននិងកម្ពុជាមានភាពសម្បូរបែប ក៏ដូចជាពន្លឿនការកសាង"ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា"និង"ច្រករបៀងមច្ឆានិងអង្ករ"ដើម្បីធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តខាងនយោបាយដែលមានកម្រិតកាន់តែខ្ពស់ កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដែលប្រកបដោយគុណភាពខ្ពស់ ការធានាខាងសន្តិសុខដែលមានកម្រិតកាន់តែខ្ពស់ សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនឱ្យបានកាន់តែច្រើននិងកិច្ចសហការជាយុទ្ធសាស្រ្តដែលមានស្តង់ដារកាន់តែខ្ពស់ ។
ទី១ អំពីការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាល
ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ការប្រាស្រ័យទាក់ទងជាន់ខ្ពស់មានសារសំខាន់ណាស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជា ហើយរីករាយបន្តរក្សានិន្នាការប្រាស្រ័យទាក់ទងជាន់ខ្ពស់និងដើរតួនាទីយ៉ាងពេញលេញនៃយន្តការគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា ។ ភាគីទាំងពីរនឹងបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធនានានៃប្រទេសទាំងពីរ ធ្វើឱ្យការផ្លាស់ប្តូរបទពិសោធក្នុងអភិបាលកិច្ចកាន់តែស៊ីជម្រៅដើម្បីរួមចំណែកដល់ដំណើរការធ្វើទំនើបកម្មរបស់ប្រទេសរៀងៗខ្លួន ។ ភាគីទាំងពីរបានសម្រេចចិត្តបង្កើតយន្តការសន្ទនាជាយុទ្ធសាស្រ្ត"ពីរបូកពីរ"រវាងរដ្ឋមន្រ្តីការបរទេសនិងរដ្ឋមន្រ្តីការពារជាតិចិន-កម្ពុជាដើម្បីសម្របសម្រួលគោលជំហរលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗឱ្យបានទាន់ពេលវេលា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ ។
ទីពីរ អំពីការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល
ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាស្នូល តម្កល់ទុកការជំរុញការអភិវឌ្ឍនិងការធានាជីវភាពរស់នៅរបស់ប្រជាជនក្នុងឋានៈដ៏លេចធ្លោ ដើម្បីបំពេញបន្ថែមនូវកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ការជំរុញការអភិវឌ្ឍរួមនៃពិភពលោកទាំងមូល ជាពិសេសគឺ ប្រទេសសកលខាងត្បូង ។ ភាគីទាំងពីរប្រកាន់ខ្ជាប់ទស្សនៈសន្តិសុខដែលមានលក្ខណៈរួម ចម្រុះ សហប្រតិបត្តិការនិងនិរន្តរភាព ប្រកាន់ខ្ជាប់នូវការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសនានា ប្រកាន់ខ្ជាប់នូវការគោរពកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់នូវការដោះស្រាយការវិវាទនិងការខ្វែងគំនិតរវាងប្រទេសនិងប្រទេសដោយសន្តិវិធីតាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សាគ្នាដើម្បីរួមចំណែកជាវិជ្ជមានដល់ការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក ។ ប្រទេសចិននិងកម្ពុជាសុទ្ធតែជាប្រទេសអរិយធម៌បុរាណដែលមានប្រវត្តិយូរលង់ណាស់មកហើយ រួមគ្នាផ្តួចផ្តើមឱ្យគោរពពិពិធកម្មនៃអរិយធម៌ពិភពលោក ផ្សាព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នានៃអរិយធម៌មនុស្សជាតិ ៕