ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៨ ខែមេសា លោកប្រធានរដ្ឋចិន Xi Jinping បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ីនិងកម្ពុជាតបតាមការអញ្ជើញ។ ខណៈពេលដែលបញ្ចប់ដំណើរទស្សនកិច្ច លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការរទេសចិនបានណែនាំពីសភាពការណ៍នៃដំណើរទស្សនកិច្ចលើកនេះទៅកាន់អ្នកសារព័ត៌មានអមដំណើរ។
លោក Wang Yi បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping លើកនេះគឺជាព្រឹត្តិការណ៍ការទូតដ៏សំខាន់មួយ បន្ទាប់ពីកិច្ចប្រជុំមជ្ឈិមស្តីពីទំនាក់ទំនងជាមួយប្រទេសជិតខាង។ ក្នុងបរិបទដែលឯកតោភាគីនិយម និងនយោបាយអំណាចបាយប៉ះពាល់ពិភពលោក ដំណើរទស្សនកិច្ចលើកនេះធ្វើឡើងជុំវិញកិច្ចកសាងសហគមន៍វាសនារួម ដោយផ្តោតលើសុខដុមនីយកម្ម និងមេត្រីភាពជាមួយប្រទេសជិតខាង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដែលទទួលបានជោគជ័យដោយគាប់ប្រសើ។ ក្នុងរយៈពេល ៥ ថ្ងៃនិង ៤ យប់ លោកប្រធានរដ្ឋចិន Xi Jinping បានចូលរួមព្រឹត្តិការណ៍ចំនួនជិត ៣០ លើក ដែលបានបកស្រាយយ៉ាងស៊ីជម្រៅពីទស្សនៈ និងគោលគំនិតស្តីពីសុខដុមនីយកម្មជាមួយប្រទេសជិតខាង ធ្វើឱ្យប្រទេសជិតខាងសុខសាន្ត ធ្វើឱ្យប្រទេសជិតខាងសម្បូរសប្បាយ ជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបរិយាប័ន្នជាមួយប្រទេសជិតខាង ក៏ដូចជារួមសុខរួមទុក្ខជាមួយប្រទេសជិតខាង ដែលបានចារទំព័រថ្មីនៃការកសាងសហគមន៍វាសនារួមជាមួយប្រទេសជិតខាង និងគូរប្លង់អនាគតថ្មី ដែលចិននិងប្រទេសជិតខាងរួមគ្នាជំរុញស្ថិរភាព និងវិបុលភាព។
មតិសាធារណៈទាំងជាតិនិងអន្តរជាតិបានស្គាល់ឃើញជាទូទៅថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping លើកនេះ បានរំលេចនូវបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់ប្រទេសចិន ក្នុងការរួមសុខរួមទុក្ខ និងពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង បញ្ចេញសញ្ញាយ៉ាងខ្លាំងដែលប្រទេសចិនគាំពារយ៉ាងមុតមាំនូវពហុភាគីនិយម និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដែលបានបង្ហាញពីរូបភាពជាប្រទេសធំដែលទទួលខុសត្រូវក្រោមស្ថានការណ៍អន្តរជាតិដែលមានបម្រែបម្រួល និងភាពរង្គោះរង្គើជាច្រើន៕