ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិនដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រសួងព័ត៌មានកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ក្រសួងទេសចរណ៍កម្ពុជានិងរាជបណ្ឌិត្យសភាកម្ពុជាបានបើកធ្វើនៅក្រុងភ្នំពេញកាលពីថ្ងៃទី១៧ខែមេសា ។ សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជាបានផ្ញើសារលិខិតអបអរសាទរ ។ ភ្ញៀវកិត្តិយសជិត២០០រូបដែលបូករួមទាំងឥស្សរជនល្បីឈ្នោះនៃមជ្ឈដ្ឋាននានាដូចជា នយោបាយ សេដ្ឋកិច្ច វប្បធម៌ បញ្ញវន្តនិងសារព័ត៌មានជាដើមនៃប្រទេសទាំងពីរកម្ពុជានិងចិនបានចូលរួមសកម្មភាពនេះ ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងក្នុងសារលិខិតអបអរសាទរថា មិត្តភាពកម្ពុជា-ចិនបានធន់នឹងការសាកល្បងនៃប្រវត្តិសាស្ត្រនិងពេលវេលា ប្រទេសចិនគឺជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា ។ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនគឺជាចំណងតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ យើងមានសេចក្ដីសោមនស្សរីករាយដែលបានឃើញថា កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនដែលមាន"វិទ្យុមិត្តភាពកម្ពុជា-ចិន"ជាតំណាងដែលសហការដំណើរការដោយវិទ្យុជាតិកម្ពុជានិងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទទួលបានលទ្ធផលជាផ្លែផ្កា ។ សម្ដេចជឿជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះនឹងបង្កើតជាស្ពានថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ កម្ពុជានិងចិនក្នុងការពង្រឹងការយល់ដឹងនិងបង្កើនទំនុកចិត្តទៅវិញទៅមកព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនឱ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងយូរអង្វែង ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍កម្ពុជានិងលោក សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញចូលរួមសកម្មភាពនិងថ្លែងសុន្ទរកថា ។
លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនតែងតែធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយជំរុញការផ្លាស់ប្តូរប្រជាជនិងប្រជាជន វប្បធម៌រវាងចិននិងកម្ពុជា ការយល់ដឹងគ្នានិងភាពស្និទ្ធស្នាលរវាងប្រជាជននិងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនចិននិងកម្ពុជា ។ "វិទ្យុមិត្តភាពកម្ពុជា-ចិន"ដែលរៀបចំរួមគ្នាដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងវិទ្យុជាតិកម្ពុជាបានដំណើរការអស់រយៈពេលជាង១០ឆ្នាំមកហើយ ហើយបានក្លាយជានិមិត្តសញ្ញាមួយក្នុងកិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានចិន-កម្ពុជា ។ ព្រឹត្តិការណ៍"ដំណើរភាពយន្តចល័តកម្ពុជា-ចិន"របស់យើងបានប្រារព្ធឡើងនៅខេត្តទាំង២៥ទូទាំងប្រទេសកម្ពុជាអស់រយៈពេល១០ឆ្នាំមកហើយ គឺជានាមប័ណ្ណមាសមួយសម្រាប់ការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងវប្បធម៌ចិន-កម្ពុជា ។ ថ្មីៗនេះ កម្មវិធី"អ្នកអភិរក្សបេតិកភណ្ឌពន្ធុភាពវប្បធម៌របស់ Xi Jinping"និង"China in Art សិល្បៈនៃប្រទេសចិន"ត្រូវបានចាក់ផ្សាយជាបន្តបន្ទាប់តាមទូរទស្សន៍ជាតិកម្ពុជានិងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗផ្សេងទៀតក៏បានទទួលការឆ្លើយតបជាវិជ្ជមាននិងការសាទរយ៉ាងទូលំទូលាយ ។ ក្នុងឱកាសដែលលោកប្រធានរដ្ឋចិន Xi Jinping បំពេញទស្សនកិច្ចនៅកម្ពុជា យើងចាប់ផ្តើមការផ្លាស់ប្តូរវប្បធម៌និងកិច្ចសហប្រតិបត្តិការជុំថ្មីជាមួយភាគីកម្ពុជា បន្តជំរុញមិត្តភាពរវាងចិននិងកម្ពុជា ដែលឆ្លងកាត់ពេលវេលាពាន់ឆ្នាំ ជំរុញការកែទម្រង់ប្រព័ន្ធសិទ្ធិបញ្ចេញមតិលើផ្ទៃអន្តរជាតិ ប្រមូលផ្តុំគំនិតឯកភាពរួមសម្រាប់ការអភិវឌ្ឍនិងបង្កើនទម្ងន់សំឡេងនៃបណ្តាប្រទេស"សកលខាងត្បូង"ក្នុងមជ្ឈដ្ឋានសាធារណមតិអន្តរជាតិ ។
វីដេអូពិសេស«ការរួមបញ្ចូលវប្បធម៌ល្អផូរផង់ជាមួយគ្នា៖ ពីរូងថ្មម៉ក់កាវ ដល់ប្រាសាទអង្គរវត្ត»ដែលជាកម្មវិធីផ្លាស់ប្តូរនិងរៀនសូត្រពីគ្នានៃអរិយធម៌ចិន-កម្ពុជាដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្រសួងទេសចរណ៍កម្ពុជាបានចាក់ផ្សាយនៅថ្ងៃដដែល ហើយសកម្មភាព"ដំណើរភាពយន្តចល័តកម្ពុជា-ចិន"លើកទី១០ក៏បានចាប់ដំណើរការនៅថ្ងៃដដែល ដែលនឹងចាក់បញ្ចាំងភាពយន្តល្អៗជាច្រើនរបស់ចិននៅតំបន់នានារបស់កម្ពុជា ៕