ប្រទេសទន្លេឡានឆាង-មេគង្គ រួមគ្នាបង្កើតវេទិកាសហប្រតិបត្តិការស្តីពីការការពារ និងស្រាវជ្រាវដំរីអាស៊ី

lmcchina.org, April 14, 2025
Size:

ក្នុងអំឡុងពេលនៃការប្រារព្ធកម្មវិធីសប្តាហ៍ ឡានឆាង-មេគង្គ លើកទី ៨ សិក្ខាសាលាស្តីពីបច្ចេកវិទ្យា និងគំរូគ្រប់គ្រងសម្រាប់ការលើកកម្ពស់ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនារវាងមនុស្ស និងសត្វដំរីនៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ បានប្រារព្ធឡើងនៅទីក្រុងគុនមីង ខេត្តយូណាន។ នៅក្នុងសិក្ខាសាលានេះ តំណាងដែលមកពីប្រទេសចិន កម្ពុជា ឡាវ និងប្រទេសពាក់ព័ន្ធមួយចំនួនទៀត បានរួមគ្នាផ្តួចផ្តើមឱ្យបង្កើតវេទិកាសហប្រតិបត្តិការស្តីពីការការពារ និងស្រាវជ្រាវដំរីអាស៊ីប្រទេសទន្លេឡានឆាង-មេគង្គ ដើម្បីពង្រឹងការស្រាវជ្រាវអំពីកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ បង្កើតលទ្ធផលស្រាវជ្រាវដ៏មានឥទ្ធិពល និងផ្តល់ការគាំទ្រដ៏ខ្លាំងក្លាសម្រាប់ការលើកកម្ពស់ការការពារដំរីអាស៊ី។

ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ គឺជាតំបន់រស់នៅដ៏សំខាន់របស់ដំរីអាស៊ី ដែលមានចំនួនសត្វព្រៃប្រមាណពី ៦៤០០-៧៩០០ ក្បាល ស្មើនឹង ១៥%-២០% នៃចំនួនសត្វដំរីព្រៃលើពិភពលោកទាំងមូល។ នៅក្នុងសិក្ខាសាលានេះ តំណាង អ្នកជំនាញ និងអ្នកស្រាវជ្រាវដែលមកពីប្រទេសចិន កម្ពុជា ឡាវ និងប្រទេសទន្លេឡានឆាង-មេគង្គផ្សេងៗទៀត បានផ្លាស់ប្តូរគ្នាយយ៉ាងស៊ីជម្រៅ និងឈានដល់មតិឯកភាពជាវិជ្ជមានលើប្រធានបទ "ការការពារដំរីអាស៊ី និងការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ"។ នៅជំហានបន្ទាប់ បណ្តាប្រទេសទន្លេឡានឆាង-មេគង្គនឹងពង្រឹងការចែករំលែកបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការសម្របសម្រួលគោលនយោបាយក្នុងវិស័យការពារដំរីអាស៊ី ជំរុញការបង្កើតយន្តការសហប្រតិបត្តិការការពាររយៈពេលយូរអង្វែង និងប្រកបដោយស្ថិរភាព រួមគ្នាស្វែងរកបច្ចេកវិទ្យា និងគំរូគ្រប់គ្រងដែលអាចចម្លង និងផ្សព្វផ្សាយបាន ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍតំបន់ប្រកបដោយនិរន្តរភាពនៃការរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនារវាងមនុស្ស និងសត្វដំរី។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបន្តពង្រឹងការការពារដំរីអាស៊ី បង្កើនការធានាផ្នែកគោលនយោបាយ និងការវិនិយោគខាងហិរញ្ញប្បទាន អនុវត្តយ៉ាងសកម្មនូវការការពារ និងការស្តារទីជម្រកសត្វ និងការកសាងច្រករបៀងអេកូឡូស៊ី ជំរុញការកសាងឧទ្យានជាតិដំរីអាស៊ីដោយមានស្ថិរភាព ពង្រឹងការត្រួតពិនិត្យ និងការតាមដានហ្វូងសត្វដំរី ដើម្បីធានាថាចំនួនសត្វដំរីព្រៃបន្តកើនឡើង។ សព្វថ្ងៃនេះ ចំនួនសត្វដំរីអាស៊ីព្រៃនៅក្នុងប្រទេសចិនបានកើនឡើងដល់ជាង ៣០០ ក្បាល។