កម្មវិធី "សប្តាហ៍ ឡានឆាង-មេគង្គ" ឆ្នាំ ២០២៥ នៃសាកលវិទ្យាល័យជនជាតិ យូណាន៖ ការសាងសង់ "រោងសិប្បកម្ម ឡានឆាង-មេគង្គ" ចាប់ផ្តើមជាផ្លូវការ

lmcchina.org, March 31, 2025
Size:

ពេលថ្មីៗនេះ សាកលវិទ្យាល័យជនជាតិ យូណាន បានរៀបចំសកម្មភាពអបអរសាទរកម្មវិធី "សប្តាហ៍ ឡានឆាង-មេគង្គ" ឆ្នាំ ២០២៥ ហើយការសាងសង់ "រោងសិប្បកម្ម ឡានឆាង-មេគង្គ" ដែលទទួលការចាប់អារម្មណ៍ពីមជ្ឈដ្ឋាននានា បានបើកដំណើរការសាងសង់ជាផ្លូវការ។ តំណាងនៃអង្គភាពជាសមាជិកក្រុមប្រឹក្សាអចិន្ត្រៃយ៍របស់សម្ព័ន្ធការអប់រំវិជ្ជាជីវៈ ឡានឆាង-មេគង្គ និងអង្គភាពដែលទើបចូលជាសមាជិកថ្មី ព្រមទាំងអ្នកទទួលខុសត្រូវនៃស្ថាប័នពាក់ព័ន្ធ គ្រូបង្រៀននិងនិស្សិតនៃសាកលវិទ្យាល័យជនជាតិ យូណាន បានចូលរួមក្នុងកម្មវិធីដ៏សំខាន់នេះ។

លោក វ៉ាង  ឈីលាំង សកវិទ្យាធិការនៃសាកលវិទ្យាល័យជនជាតិ យូណាន បានមានប្រសាសន៍ថា ការចាប់ផ្តើមសាងសង់ "រោងសិប្បកម្ម ឡានឆាង-មេគង្គ" គឺជាជំហានដ៏សំខាន់មួយរបស់សាកលវិទ្យាល័យជនជាតិ យូណាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអប់រំវិជ្ជាជីវៈ ឡានឆាង-មេគង្គ។ ក្នុងនាមជាអង្គភាពជាប្រធានក្រុមប្រឹក្សានៃសម្ព័ន្ធការអប់រំវិជ្ជាជីវៈ ឡានឆាង-មេគង្គ សាកលវិទ្យាល័យជនជាតិ យូណាន នឹងសម្របសម្រួលផែនការទូទៅ ប្រមូលផ្តុំនូវធនធានពីគ្រប់ភាគី លើកកម្ពស់ប្រតិបត្តិការប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងប្រសិទ្ធភាពខ្ពស់សម្រាប់ "រោងសិប្បកម្ម ឡានឆាង-មេគង្គ" និងខិតខំបង្កើតគំរូថ្មីនៃ "ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យអប់រំវិជ្ជាជីវៈ" និងរួមចំណែកក្នុងការអភិវឌ្ឍការអប់រំវិជ្ជាជីវៈក្នុងតំបន់។

ក្នុងឱកាសនេះ លោក វ៉ាង ឈីលាំង បានប្រគល់ស្លាកសមាជិកក្រុមប្រឹក្សា ដល់អង្គភាពចំនួន ៧ ដែលបានចូលជាសមាជិកថ្មីនៃសម្ព័ន្ធការអប់រំវិជ្ជាជីវៈ ឡានឆាង-មេគង្គ រួមមានវិទ្យាស្ថានវិជ្ជាជីវៈ និងបច្ចេកទេសផ្លូវរថភ្លើង គុនមីង និងក្រុមហ៊ុនវិទ្យាស្ថានឌីហ្សាញ ខេត្តយូណាន ជាដើម ដែលបានពង្រឹងសមត្ថភាពនៃសម្ព័ន្ធ និងចាក់បញ្ចូលនូវកម្លាំងចលករថ្មីទៅក្នុងកិច្ចសហប្រតិបត្តិការអប់រំវិជ្ជាជីវៈ ឡានឆាង-មេគង្គ។

ក្រៅពីពិធីបើកដំណើរការសាងសង់ "រោងសិប្បកម្ម ឡានឆាង-មេគង្គ" នេះ នៅមានសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួន ត្រូវបានរៀបចំក្នុងឱកាសនេះ។ របាយការណ៍អំពីសមិទ្ធផលខួបលើកទី ១០ នៃការបណ្តុះបណ្តាលធនធានមនុស្ស "មុខជំនាញ + ភាសាបរទេសដែលប្រើប្រាស់មិនទូទៅ" បានបង្ហាញឱ្យឃើញពីលទ្ធផលជាផ្លែផ្កាដែលទទួលបានដោយសាកលវិទ្យាល័យជនជាតិ យូណាន ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានលក្ខណៈពិសេស។ សិក្ខាសាលាស្តីពីការចែករំលែកករណីគំរូអំពីការបណ្ដុះបណ្ដាលធនធានមនុស្ស "មុខជំនាញ + ភាសាបរទេសដែលប្រើប្រាស់មិនទូទៅ"  នៃសាលាជាសមាជិកសម្ព័ន្ធការអប់រំវិជ្ជាជីវៈ ឡានឆាង-មេគង្គ បានបង្កើតជាវេទិកាសម្រាប់ជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាងភាគីនានា។ ផ្សារលក់ម្ហូបអាហារ និងវត្ថុសិប្បកម្ម ឡានឆាង-មេគង្គ បានបង្កើនការយល់ដឹងរបស់គ្រូបង្រៀន និងសិស្សានុសិស្សអំពីវប្បធម៌នៃប្រទេសទន្លេឡានឆាង-មេគង្គផ្សេងៗ តាមរយៈការរៀបចំសកម្មភាពយកបទពិសោធន៍វប្បធម៌ដ៏ចម្រុះពណ៌។