នៅឆ្នាំ ២០១៥ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកដំបូងនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានប្រារព្ធឡើងជាផ្លូវការ។ ឆ្នាំនេះ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានឈានចូលដល់ឆ្នាំទី ១០ ហើយ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្នុងនាមជាយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់ដំបូងគេដែលត្រូវបានបង្កើតឡើងដោយប្រទេសទាំង ៦ និងចាត់ទុកការកសាងសហគមន៍វាសនារួមជាគោលដៅដ៏សំខាន់ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានទទួលនូវសមិទ្ធផលជាវិជ្ជមានលើគ្រប់វិស័យ ហើយបានក្លាយទៅជា "វេទិកាពណ៌មាស" សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំង ៦។
ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ ត្រូវបានតភ្ជាប់គ្នាដោយភ្នំ និងទន្លេ ហើយមានវប្បធម៌ស្រដៀងគ្នា និងផលប្រយោជន៍រួម ព្រមទាំងមានជោគវាសនារួមគ្នា។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានផ្តោតលើសសរស្តម្ភទាំង ៣ ដែលរួមមានសន្តិសុខនយោបាយ សេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព សង្គមនិងវប្បធម៌ ហើយផ្តល់អាទិភាពដល់វិស័យចំនួន ៥ គឺ "ការតភ្ជាប់គ្នា កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត សេដ្ឋកិច្ចឆ្លងព្រំដែន ធនធានទឹក កសិកម្មនិងការកាត់បន្ថយភាពក្រីក្រ" បន្តពង្រឹងការកសាងយន្តការគ្រប់ប្រភេទ និងអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង ៦ បណ្តាប្រទេសទន្លេឡានឆាង-មេគង្គប្រកាន់ខ្ជាប់នូវគោលការណ៍ត្រឹមត្រូវ និងការធ្វើនវានុវត្តន៍ បន្តប្រមូលផ្តុំនូវការជឿទុកចិត្តគ្នាផ្នែកនយោបាយ ហើយខិតខំប្រឹងប្រែងដើម្បីកសាងតំបន់ទន្លេឡានឆាង-មេគង្គឱ្យទៅជាតំបន់គំរូនៃគំនិតផ្តួចផ្តើម"ខ្សែក្រវាត់ និងផ្លូវ" តំបន់ឈានមុខនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល តំបន់ពិសោធន៍នៃគំនិតផ្តួចផ្តើមសន្តិសុខសកល និងជាតំបន់នាំមុខនៃគំនិតផ្តួចផ្តើមអរិយធម៌សកល។ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយដើរតួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ។
ទី១ ការកសាងសហគមន៍វាសនារួមនៃប្រទេសទន្លេឡានឆាង-មេគង្គបានទទួលនូវសមិទ្ធផលប្រកបដោយផ្លែផ្កា។ ប្រទេសចិន-កម្ពុជា ចិន-ឡាវ ចិន-មីយ៉ាន់ម៉ា ចិន-ថៃ និងចិន-វៀតណាម បានប្រកាសជាបន្តបន្ទាប់អំពីការបង្កើតសហគមន៍វាសនារួម ដោយបានសម្រេចនូវការគ្របដណ្តប់យ៉ាងពេញលេញនៃការកសាងសហគមន៍វាសនារួមទ្វេភាគី និងពហុភាគីក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។ ទន្ទឹមនឹងនេះដែរ ប្រទេសចិន និងប្រទេសទន្លេមេគង្គទាំង ៥ បន្តធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមក្នុងវិស័យមុខងារផ្សេងៗដូចជា មហាសមុទ្រ និងបណ្តាញជាដើម។ និម្មាបនកម្មនៃការកសាងសហគមន៍វាសនារួមនៃប្រទេសទន្លេឡានឆាង-មេគង្គដែលមានលក្ខណៈចម្រុះ និងគ្របដណ្តប់លើគ្រប់វិស័យ កំពុងកើតមានរូបរាងជាបន្តបន្ទាប់។
ទី២ យន្តការនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានកែលម្អជាបន្តបន្ទាប់។ ក្នុងនាមជាយន្តការកិច្ចសហប្រតិបត្តិការពហុភាគីដែលអនុវត្តតាមគំរូកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គប្រកាន់ខ្ជាប់នូវរចនាសម្ព័ន្ធដែល "ដឹកនាំដោយថ្នាក់ដឹកនាំ គ្របដណ្តប់គ្រប់ជ្រុងជ្រោយ និងមានការចូលរួមពីគ្រប់ស្ថាប័ន" ហើយព្យាយាមស្វែងរកមាគ៌ាថ្មីសម្រាប់ការអភិវឌ្ឍយន្តការប្រកបដោយប្រសិទ្ធភាព និងអាចធ្វើទៅបាន ដោយផ្អែកលើមូលដ្ឋាននេះ។ ឈរលើមូលដ្ឋានដែលរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំរៀងរាល់ ២ ឆ្នាំម្តង និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជារៀងរាល់ឆ្នាំនោះ យន្តការក្រុមការងារថ្នាក់រដ្ឋមន្ត្រីសម្រាប់វិស័យអាទិភាពទាំង ៦ កំពុងដំណើរការយ៉ាងរលូន។ នៅក្នុងវិស័យសន្តិសុខ មជ្ឈមណ្ឌលសហប្រតិបត្តិការអនុវត្តច្បាប់ ឡានឆាង-មេគង្គ ខិតខំយ៉ាងសកម្មដើម្បីដើរតួនាទីជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ក្នុងតំបន់ ហើយប្រតិបត្តិការ "ឡានឆាង-មេគង្គដ៏មានសុវត្ថិភាព" បន្តរួមចំណែកក្នុងការបង្កើតបរិយាកាសសន្តិសុខ និងស្ថិរភាពក្នុងតំបន់ឡានឆាង-មេគង្គ។ ប្រទេសទាំង ៦ បានទទួលនូវលទ្ធផលជាវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងស៊ីសងឆ្លងព្រំដែនតាមបណ្តាញអ៊ីនធើណែត និងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធទូរគមនាគមន៍។ ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ វេទិកានានាដូចជា មជ្ឈមណ្ឌលស្រាវជ្រាវទន្លេមេគង្គជាសកល មជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ មជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន ឡានឆាង-មេគង្គ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកសិកម្ម ឡានឆាង-មេគង្គ ត្រូវបានកែលម្អ និងអភិវឌ្ឍជាបន្តបន្ទាប់ ដែលបានផ្តល់ការគាំទ្រផ្នែកបញ្ញាយ៉ាងរឹងមាំដល់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
ទី៣ រូបមន្តនៃកិច្ចសហប្រតិបត្តិការដែល "ផ្តល់អាទិភាពដល់ការអភិវឌ្ឍ ស្វែងរកភាពជាក់ស្តែង និងប្រសិទ្ធភាពខ្ពស់ ចាត់ទុកគម្រោងជាគោល" កាន់តែមានភាពចាស់ទុំ។ ប្រព័ន្ធគម្រោងនៃមូលនិធិពិសេសសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ត្រូវបានកែលម្អជាបន្តបន្ទាប់ និងបានផ្តល់ការគាំទ្រដល់គម្រោងចំនួនរាប់រយគម្រោង ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន។ ប្រព័ន្ធគម្រោង "ប្រមូលផលដ៏សម្បូរ ឡានឆាង-មេគង្គ" ដែលមានគម្រោងជាក់ស្តែងចំនួនជាង ១០០ ត្រូវបានអនុវត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបណ្តាប្រទេសផ្សេងៗទៀត ហើយបានជួយជំរុញការបង្កបង្កើនផលកសិកម្ម និងលើកកម្ពស់ប្រាក់ចំណូលរបស់កសិករក្នុងតំបន់ ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ "ប្រតិបត្តិការទឹកស្អាត"ដំណាក់កាលទី ១ បានបង្កើតទីតាំងរួមនៃគម្រោងគំរូសម្រាប់ការផ្គត់ផ្គង់ទឹកចំនួន ៨-៩ កន្លែង និងទីតាំងរាយប៉ាយនៃគម្រោងគំរូសម្រាប់ការផ្គត់ផ្គង់ទឹកចំនួន ៥៤ កន្លែង ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាងមួយម៉ឺននាក់ និងបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់បណ្តាប្រទេសនានាតាមបណ្តោយទន្លេមេគង្គ។
ទី៤ កម្រិតនៃការតភ្ជាប់គ្នាក្នុងតំបន់ទន្លេឡានឆាង-មេគង្គត្រូវបានលើកកម្ពស់យ៉ាងខ្លាំង។ "ការតភ្ជាប់រឹង" និង"ការតភ្ជាប់ទន់" នៅក្នុងតំបន់ត្រូវបានសម្របសម្រួល និងជំរុញឱ្យឈានទៅមុខ។ ផ្លូវរថភ្លើងចិន-ឡាវ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពុងដំណើរការប្រកបដោយស្ថិរភាព ហើយការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចិន-ថៃ និងការតភ្ជាប់ផ្លូវរថភ្លើងចិន-វៀតណាម កំពុងដំណើរការទៅមុខជាលំដាប់លំដោយ។ ការសាងសង់ខ្សែក្រវាត់អភិវឌ្ឍសេដ្ឋកិច្ចតាមទន្លេឡានឆាង-មេគង្គមានសន្ទុះកាន់តែខ្លាំងឡើងៗ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសទន្លេមេគង្គទាំង ៥ បានកើនឡើងទ្វេដង។ បន្ទាប់ពីកិច្ចព្រមព្រៀង RCEP ចូលជាធរមានជាផ្លូវការ ភាគីនានាបានទទួលនូវផលលាភកាន់តែច្រើនពីប្រព័ន្ធពាក់ព័ន្ធនានាដូចជា ការកាត់បន្ថយពន្ធគយ ការសម្រួលនីតិវិធីគយ និងការធ្វើសាមញ្ញកម្មពាណិជ្ជកម្ម និងការវិនិយោគជាដើម បន្តពង្រឹងស្ថិរភាព និងធ្វើឱ្យមានភាពរលូននៃខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់នៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ហើយបានបង្កើនឱកាសពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់។ ប្រសិទ្ធភាពនៃគំរូប្រតិបត្តិការដឹកជញ្ជូនរួមបញ្ចូលគ្នារវាងផ្លូវសមុទ្រ និងផ្លូវដែក ព្រមទាំងរវាងផ្លូវថ្នល់ និងផ្លូវដែកនៃច្រករបៀងពាណិជ្ជកម្មថ្មីតាមផ្លូវគោក និងសមុទ្រ ត្រូវបានលើកកម្ពស់ឥតឈប់ឈរ។ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានទទួលការចូលរួមកាន់តែច្រើនពីភាគីនានា ហើយរដ្ឋបាលមូលដ្ឋាន សហគ្រាស និងអង្គការសង្គមនានាកាន់តែមានភាពសកម្មក្នុងការចូលរួមកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលបានធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
ទី៥ ការតភ្ជាប់ក្រអៅបេះដូងរវាងប្រជាជន និងប្រជាជនបន្តកើនឡើង។ ទំនាក់ទំនងរវាងប្រទេស និងប្រទេសពឹងផ្អែកលើភាពស្និទ្ធស្នាលរវាងប្រជាជន និងប្រជាជន ហើយភាពស្និទ្ធស្នាលរវាងប្រជាជន និងប្រជាជនអាស្រ័យលើការតភ្ជាប់ក្រអៅបេះដូងនឹងគ្នា។ ក្នុងនាមជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ៣ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន គឺជាចំណុចអាទិភាពកំពូលនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រទេសទន្លេឡានឆាង-មេគង្គបានបន្តធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ហើយបានរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន និងបានពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតលើវិស័យវប្បធម៌និងទេសចរណ៍ កីឡា ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ សាសនា ជនជាតិ និងវិស័យផ្សេងៗទៀត ព្រមទាំងបានបង្កើតម៉ាកសញ្ញាល្បីៗជាច្រើនសម្រាប់បង្កើនការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដូចជា ការប្រកួតច្នៃប្រឌិតយុវជនឡានឆាង-មេគង្គ និងសប្តាហ៍ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ ជាដើម។ ប្រទេសពាក់ព័ន្ធបានរួមគ្នាបណ្តុះវប្បធម៌ ឡានឆាង-មេគង្គ ដែល "គោរពគ្នាដោយស្មើភាព ជួយគ្នាដោយស្មោះត្រង់ និងរាប់អានគ្នាដូចគ្រួសារតែមួយ" ហើយបានលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសនានាក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។
ខិតខំដាំដុះអស់រយៈពេល ១០ ឆ្នាំ ទើបប្រមូលបានផលដ៏សម្បូរនាថ្ងៃនេះ។ ចាប់តាំងពី "ការគូរប្លង់ជាទូទៅ" ទៅជា "ការអនុវត្តដោយលម្អិត" កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានឆ្លងកាត់ដំណាក់កាលពូនជ្រំ និងដំណាក់កាលលូតលាស់ ហើយឈានចូលក្នុងដំណាក់កាលថ្មីនៃការបង្កើត "កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ២,០"។ តំបន់ទន្លេឡានឆាង-មេគង្គកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមយ៉ាងឆាប់រហ័ស។ ការជំរុញឱ្យសម្រេចនូវការធ្វើទំនើបភាវូបនីយកម្មគឺជាបេសកកម្មជាប្រវត្តិសាស្ត្ររួមរបស់ប្រទេសទន្លេឡានឆាង-មេគង្គនានា។ សម្លឹងមើលទៅអនាគត ប្រទេសទន្លេឡានឆាង-មេគង្គនឹងបន្តអនុវត្តតាមស្មារតី ឡានឆាង-មេគង្គ ដែល "ផ្តល់អាទិភាពដល់ការអភិវឌ្ឍ ពិគ្រោះពិភាក្សាគ្នាដោយស្មើភាព ស្វែងរកភាពជាក់ស្តែងនិងប្រសិទ្ធភាពខ្ពស់ បើកទូលាយនិងមានបរិយាប័ន្ន" រួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឈានមុខនានាដូចជា បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចបៃតងជាដើម ជំរុញការផ្សារភ្ជាប់យន្តការនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ជាមួយយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្សេងៗទៀត ពង្រឹងការសម្របសម្រួលរវាងយន្តការនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជាមួយរបៀបវារៈស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពឆ្នាំ ២០៣០ ខិតខំកសាងតំបន់ទន្លេឡានឆាង-មេគង្គឱ្យទៅជាទីទួលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុង "ពិភពខាងត្បូង"។ ប្រទេសទាំង ៦ នឹងប្រកាន់ខ្ជាប់នូវគោលការណ៍បើកទូលាយក្នុងតំបន់ គាំពារពហុភាគីនិយមពិតប្រាកដ បន្តពង្រឹងការកសាងយន្តការនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ពង្រឹងមូលដ្ឋានគ្រឹះនៃមិត្តភាពប្រជាជន ខិតខំយ៉ាងសកម្មដើម្បីបង្កើនការចូលរួមរបស់ប្រជាជននៃប្រទេសទាំង ៦ ក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ហើយពួតដៃគ្នាធ្វើដំណើរទៅមុខ ដើម្បីធ្វើឱ្យតំបន់ទន្លេឡានឆាង-មេគង្គចូលរួមចំណែកកាន់តែច្រើនក្នុងការថែរក្សាសន្តិភាព និងជំរុញវិបុលភាពក្នុងតំបន់ តាមរយៈការរក្សាស្ថិរភាពនៃតំបន់ទន្លេឡានឆាង-មេគង្គ។
អត្ថបទដោយ លោក ប៉ាវ ជឺភឺង
អគ្គលេខាធិការរងនៃមជ្ឈមណ្ឌលស្រាវជ្រាវទន្លេមេគង្គជាសកល (មជ្ឈមណ្ឌលចិន)