ពេលថ្មីៗកន្លងទៅនេះ លោក Tan Kong Yam អតីតប្រធានសេដ្ឋវិទូនៃក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរបស់សិង្ហបុរីបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ។ លោក Tan Kong Yam បានថ្លែងថា បច្ចុប្បន្ននេះ ពិភពលោកទាំងមូលកំពុងស្ថិតក្នុងយុគសម័យមានការប្រែប្រួលយ៉ាងស៊ីជម្រៅ ក្នុងឋានៈជាវេទិកាសន្ទនាគ្នាជាន់ខ្ពស់ដែលតម្កល់អាស៊ីជាស្នូល វេទិកាBoaoសម្រាប់អាស៊ីបានដើរតួនាទីកាន់តែសំខាន់ក្នុងសហគមន៍អន្តរជាតិ ។
លោក Tan Kong Yam បានថ្លែងទៀតថា អនាគតទាំងមូលនៃសេដ្ឋកិច្ចចិនបន្តបង្ហាញនូវភាពធន់ដ៏ខ្លាំងក្លា វិស័យគន្លឹះដូចជាឧស្សាហកម្មកម្មន្តសាល បញ្ញាសិប្បនិម្មិត វត្ថុពាក់កណ្ដាលចម្លងនិងថាមពលស្អាតជាដើមទទួលបានការគាំទ្រយ៉ាងខ្លាំងពីគោលនយោបាយ ការដាក់ចេញប្រាក់យាន់ចិនឌីជីថលនិងការអភិវឌ្ឍនៃឡូជីស្ទិកវៃឆ្លាតក៏បានបង្ហាញថា ចិនកំពុងត្រៀមលក្ខណៈយ៉ាងសកម្មសម្រាប់ឆ្លើយតបនិន្នាការសេដ្ឋកិច្ចនៅពេលអនាគត ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនទទួលបានសមិទ្ធផលដ៏លេចធ្លោក្នុងវិស័យបញ្ញាសិប្បនិម្មិត អ្វីដែលគួរឱ្យយកចិត្តទុកដាក់ជាពិសេសគឺ សមិទ្ធផលថ្មីនៃក្រុមហ៊ុន DeepSeek ។ វាមិនត្រឹមតែបង្ហាញថា កម្លាំងប្រកួតប្រជែងរបស់ចិនក្នុងវិស័យបញ្ញាសិប្បនិម្មិតសកលបានកើនឡើងជាបន្តបន្ទាប់ប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យប្រទេសចិនមានសង្ឃឹមក្លាយជាអ្នកជំរុញបដិវត្តន៍កម្លាំងផលិតកម្មសកលនៅសម័យបន្ទាប់ផងដែរ ៕