លោក លាំង ជីនជូន អនុប្រធាននាយកដ្ឋានអាស៊ីនៃក្រសួងការបរទេសចិន ចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធកម្មវិធី "សប្តាហ៍ ឡានឆាង-មេគង្គ" ឆ្នាំ ២០២៥ ខេត្តយូណាន

lmcchina.org, March 25, 2025
Size:

នៅថ្ងៃទី ២១ ខែមីនា ពិធីសម្ពោធកម្មវិធី "សប្តាហ៍ ឡានឆាង-មេគង្គ" ឆ្នាំ ២០២៥ ខេត្តយូណាន បានប្រារព្ធឡើងនៅទីក្រុងគុនមីង។ លោក លាំង ជីនជូន អនុប្រធាននាយកដ្ឋានអាស៊ីនៃក្រសួងការបរទេសចិនបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាតាមរយៈប្រព័ន្ធវីដេអូភ្ជាប់។

លោក លាំង ជីនជូន បានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន និងអ្នកដឹកនាំនៃបណ្តាប្រទេសទន្លេមេគង្គ ប្រទេសចិន និងបណ្តាប្រទេសទន្លេមេគង្គនានាបានសម្រេចការគ្របដណ្តប់យ៉ាងពេញលេញនៃសហគមន៍រួមវាសនាទ្វេភាគី និងពហុភាគី ដោយបានដើរតួនាទីនាំមុខគេក្នុងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។ ប្រទេសនានាប្រកាន់ខ្ជាប់នូវស្មារតី ឡានឆាង-មេគង្គ ដែល "ផ្តល់អាទិភាពដល់ការអភិវឌ្ឍ ពិគ្រោះពិភាក្សាដោយស្មើភាពគ្នា ស្វែងរកការអនុវត្តជាក់ស្តែងនិងប្រសិទ្ធភាពខ្ពស់ និងមានការបើកទូលាយនិងប្រកបដោយបរិយាបន្ន" ដែលបានបង្កើតជា "គំរូមាស" សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ បានទទួលការរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់ ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទន្លេឡាឆាង-មេគង្គទាំង ៦ បានប្រមូលផ្តុំគ្នានៅទីក្រុងគុនមីង ដើម្បីបង្កើនការជឿទុកចិត្តលើគ្នាផ្នែកនយោបាយ និងពិភាក្សាអំពីផែនការអភិវឌ្ឍន៍ទូទៅ។ ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសទន្លេមេគង្គបានកើនឡើងដល់ ៤៣៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១២៥% បើធៀបនឹងរយៈពេលនៃការចាប់ផ្តើមយន្តការនេះ។ បញ្ញាសិប្បនិមិត្ត និងទិន្នន័យធំបានផ្តល់ស្លាបឌីជីថល និងស្លាបបៃតងដល់ការអភិវឌ្ឍ និងការធ្វើបរិវត្តកម្មឧស្សាហកម្មក្នុងតំបន់ គម្រោង"ប្រតិបត្តិការទឹកស្អាត ឡានឆាង-មេគង្គ" បានផ្តល់ទឹកស្អាតដល់ប្រជាជនជាងមួយម៉ឺននាក់តាមទីជនបទក្នុងតំបន់ ចំណែក "ទិដ្ឋាការ ឡានឆាង-មេគង្គ" ដែលផ្តល់ដោយប្រទេសចិននោះ បានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកសម្រាប់ប្រជាជនក្នុងតំបន់។ ហ្គេម "Black Myth: Wukong" និងខ្សែភាពយន្ត "Nezha 2" បានធ្វើឱ្យមនុស្សជាច្រើនរីករាយជាមួយនឹងផលិតផលវប្បធម៌ និងបានមើលឃើញដោយផ្ទាល់ភ្នែកនូវអនាគតដ៏ភ្លឺស្វាងនៃកម្លាំងផលិតកម្មគុណភាពថ្មី។ ប្រទេសនានាបានរួមសហការគ្នាក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការលេងល្បែងអនឡាញ និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ជាដើម ហើយបានជួយសង្គ្រោះមនុស្សមួយចំនួនធំដែលត្រូវបានបោកប្រាស់ និងចាប់ជំរិត។

លោក លាំង ជីនជូន បានសង្កត់ធ្ងន់ថា ឆ្នាំនេះ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ នឹងឈានចូលឆ្នាំទី ១០។ ប្រទេសចិននឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់តាមយុទ្ធសាស្ត្របើកទូលាយដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ហើយរីករាយធ្វើការជាមួយប្រទេសទន្លេមេគង្គដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ខិតខំយ៉ាងសកម្មដើម្បីកសាង "កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ២,០" និងរួមចំណែកកាន់តែច្រើនថែមទៀតក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាព និងនិន្នាការដែលឆ្ពោះទៅរកការអភិវឌ្ឍ និងភាពរុងរឿងដ៏ល្អប្រសើរក្នុងតំបន់។

ឯកឧត្តម សៀ ហាវ អភិបាលរងខេត្តយូណាន លោកអគ្គកុងស៊ុលនៃប្រទេសទន្លេមេគង្គទាំង ៥ ប្រចាំទីក្រុងគុនមីង និងភ្ញៀវកិត្តិយសមកពីភាគីនានា សរុបជាង ១០០ រូប បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធនេះ។