កម្មវិធី "សប្តាហ៍ ឡានឆាង-មេគង្គ" ឆ្នាំ ២០២៥ និងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌សម្រាប់មន្ត្រីការទូតប្រចាំប្រទេសចិន ប្រារព្ធនៅក្រុងប៉េកាំង

lmcchina.org, March 24, 2025
Size:

នៅថ្ងៃទី ១៩ ខែមីនា កម្មវិធី "សប្តាហ៍ ឡានឆាង-មេគង្គ" ឆ្នាំ ២០២៥ និងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌សម្រាប់មន្ត្រីការទូតប្រចាំប្រទេសចិន បានប្រារព្ធនៅទីក្រុងប៉េកាំង។ មន្ត្រីការទូតប្រចាំប្រទេសចិន ២៤ រូបដែលមកពីប្រទេសចំនួន ១៥ បានទទួលការអញ្ជើញឱ្យមកទស្សនាសារមន្ទីរតាំងពិព័រណ៍សហគមន៍ជនជាតិរបស់ប្រទេសចិន ដើម្បីទទួលបានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីប្រវត្តិនៃការងារជនជាតិមួយសតវត្សរ៍របស់បក្សកុម្មុយនិស្តចិន និងយកបទពិសោធន៍ពីគម្រោងវប្បធម៌ជនជាតិភាគតិច។

ក្នុងព្រឹត្តិការណ៍នេះ លោកជំទាវ ផាន ឈីវយៀ អគ្គទីប្រឹក្សាប្រទេសថៃប្រចាំប្រទេសចិន បានសង្កត់ធ្ងន់ថា ប្រទេសទន្លេឡានឆាង-មេគង្គ មានទំនាក់ទំនងវប្បធម៌យ៉ាងជ្រាលជ្រៅ ជាពិសេសមានភាពស្រដៀងគ្នាជាច្រើនក្នុងវិស័យសិល្បៈ សិប្បកម្ម ទំនៀមទម្លាប់ប្រពៃណី និងសម្លៀកបំពាក់។ លោកជំទាវបានមានប្រសាសន៍ថា ទន្លេឡានឆាង-មេគង្គ បានផ្សារភ្ជាប់យើងឱ្យនៅជាប់នឹងគ្នាដូចជាមហាគ្រួសារដ៏ធំមួយ ហើយយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គបានផ្តល់នូវវេទិកាដ៏មានតម្លៃសម្រាប់ប្រទេសនានាក្នុងការចែករំលែកបទពិសោធន៍ និងការអនុវត្តជាក់ស្តែងដ៏ល្អបំផុត។

ឯកឧត្តម Fazeel Najeeb ឯកអគ្គរដ្ឋទូតប្រទេសម៉ាល់ឌីវប្រចាំប្រទេសចិន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចថ្ងៃនេះពិតជាមានភាពទាក់ទាញខ្លាំងណាស់ និងធ្វើឱ្យយើងមានការយល់ដឹងស៊ីជម្រៅអំពីរបៀបដែលរដ្ឋាភិបាលចិនធានាថាក្រុមជនជាតិភាគតិចទាំងអស់អាចចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ។ វិធីសាស្រ្តនេះពិតជាអាចបំភ្លឺដល់គំនិតរបស់យើងណាស់។

ឯកឧត្តម ម៉ារីអូ អនុប្រធានស្ថានទូតប្រទេសគុយបាប្រចាំប្រទេសចិន បានថ្លែងចំណាប់អារម្មណ៍ក្រោយពីបានទៅទស្សនាសារមន្ទីរតាំងពិព័រណ៍ថា ទោះបីជាជនជាតិភាគតិចមួយចំនួនរស់នៅក្នុងតំបន់ដាច់ស្រយាលក៏ដោយ ប៉ុន្តែរដ្ឋាភិបាលចិនតែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ ឯកឧត្តមបានបញ្ជាក់ថា បក្សកុម្មុយនិស្តចិនតែងតែចាត់ទុកប្រជាជនជាគោល និងបានប្រមូលផ្តុំជនជាតិទាំង ៥៦ ឱ្យរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរួមគ្នាសម្រេចបាននូវការស្តារឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន"។

ឯកឧត្តម អែ ហ្វី អគ្គទីប្រឹក្សាស្ថានទូតប្រទេសឥណ្ឌូនេស៊ីប្រចាំប្រទេសចិនបានបញ្ជាក់ថា បាវចនាជាតិរបស់ឥណ្ឌូនេស៊ីគឺ "ស្វែងរកចំណចុគ្នា និងទទួលស្គាល់ចំណុចខុសគ្នា" ហើយគំនិតទស្សនៈនេះក៏ត្រូវបានឆ្លុះបញ្ចាំងយ៉ាងល្អប្រសើរនៅក្នុងប្រទេសចិនផងដែរ។

ឯកឧត្តម ក្លូទីអូស ហ្វ្រូរីន អគ្គទីប្រឹក្សាស្ថានទូតប្រទេសរូម៉ានីប្រចាំប្រទេសចិន បានថ្លែងថា និមិត្តសញ្ញានៃប្រទេសដ៏ខ្លាំងក្លាមួយ គឺការគោរពជនជាតិភាគតិច និងទទួលបានការគោរពពីជនជាតិភាគតិច ហើយប្រទេសចិនគឺជាគំរូដ៏ល្អមួយ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ជនជាតិទាំង ៥៦ របស់ប្រទេសចិនគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ហើយវាពិតជាមានប្រាជ្ញាណាស់ក្នុងការយល់ដឹងអំពីរឿងនេះ" ។