ក្រសួងការបរទេសចិន៖ប្រទេសចិននឹងធ្វើឱ្យការកែទម្រង់និងបើកចំហកាន់តែ ស៊ីជម្រៅថែមមួយកម្រិតទៀត

CRI, March 21, 2025
Size:

ថ្ងៃទី១៨ខែមីនាឆ្នាំ២០២៥ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្នីទកាសែតជាប្រចាំថា ប្រទេសចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះប្រហែល៥% ដោយផ្អែកលើការវិនិច្ឆ័យតាមបែបវិទ្យាសាស្ត្រចំពោះសភាពការណ៍ក្នុងនិងក្រៅប្រទេសនិងជំនឿចិត្តដ៏មុតមាំចំពោះផ្លូវអភិវឌ្ឍន៍ដោយគុណភាពខ្ពស់ ព្រមទាំងគ្រោងផែនការសម្រាប់លំនឹងតុល្យភាពនៃគុណភាពនិងបរិមាណដែលបានបង្ហាញពីសភាពការណ៍ទូទៅដែលទទួលបានការរីកចម្រើនលើមូលដ្ឋាននៃស្ថិរភាពនិងប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែង។ 

លោកស្រីបន្តថា កាលពីថ្ងៃទី១៧ខែមីនា ស្ថាប័នពាក់ព័ន្ធបានធ្វើបទបង្ហាញពីសភាពការណ៍នៃការដំណើរការនៃសេដ្ឋកិច្ចជាតិចិនចាប់ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះដែលអាចមើលឃើញថា សេដ្ឋកិច្ចចិនបានបន្តនិន្នាការស្តារឡើងវិញនិងឆ្ពោះទៅកាន់ភាពល្អប្រសើរ គោលនយោបាយនិងវិធានការមួយចំនួនកំពុងលេចចេញប្រសិទ្ធភាព។ប្រទេសចិននឹងធ្វើឱ្យការកែទម្រង់និងបើកចំហកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ដើម្បីជំរុញឱ្យសេដ្ឋកិច្ចចិនពុះពារគ្រប់ឧបសគ្គវិវឌ្ឍទៅមុខយ៉ាងនឹងនរនិងយូរអង្វែង ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសចិនក៏ដូចជាផ្តល់នូវស្ថិរភាពជូនដល់ពិភពលោកផងដែរ៕